Your browser doesn’t support HTML5
គម្រោងចំណាយថវិកាជាតិឆ្នាំ២០១៤
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលកម្ពុជាបានអះអាងថា គម្រោងថវិកាជាតិឆ្នាំ២០១៤នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងបង្កើនសមត្ថភាពដល់ពលរដ្ឋ។ នេះជាការអះអាងរបស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០១៣។គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ចំណាយឆ្នាំ២០១៤ មានទឹកប្រាក់ចំនួន៣.៥០០លានដុល្លារសរអាកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីផ្ញើជូនសភាអនុម័តក្នុងពេលឆាប់ៗ។
លោក ផៃ ស៊ីផាន បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាដើម្បីធ្វើឲ្យការចំណាយចំគោលដៅមានប្រសិទ្ធិភាព ដើម្បីអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យស្របតាមនិន្នាការតំបន់និងពិភពលោក។ លោកថ្លែងបន្ថែមថា នៅឆ្នាំ២០១៥ខាងមុខនេះ យើងនឹងធ្វើឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនយុវនារីហ្នឹងក្លាយខ្លួនទៅជាកម្មករឬពលករជំនាញដែលចេញពីធនធានមនុស្សទៅជាធនធានមូលធនដែលមានឯកទេសច្រើន។ កម្ពុជានឹងចូលក្នុងតំបន់សេដ្ឋកិច្ចសេរីរបស់សមាគមអាស៊ាននៅឆ្នាំ២០១៥ ដែលកម្ពុជាត្រូវពង្រឹងសមត្ថភាពបច្ចេកទេសជំនាញដល់ពលរដ្ឋរបស់ខ្លួន។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងជាសមាជិកសភាបានអះអាងថា រដ្ឋសភានៅមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ថវិកាពីរដ្ឋាភិបាលនៅឡើយទេ។ តែលោកថ្លែងថា សភានឹងត្រៀមយកមកពិនិត្យពិភាក្សានិងអនុម័ត ដោយតម្លាភាព គឺមិនអាចឲ្យរដ្ឋាភិបាលចំណាយស្រេចចិត្តបានទេ។
លោកបានអះអាងថា ចំណាយឆ្នាំនេះគឺកើនជាង៣០០លានដុល្លារដោយសារតែកម្ពុជាប្រឈមមុខនឹងគ្រោះធម្មជាតិទឹកជំនន់និងការគិតគូររបស់រដ្ឋាភិបាលក្នុងការបង្កើនប្រាក់ខែជូនមន្ត្រីរាជការ៕