ទិដ្ឋភាពខ្លែងចម្រុះពណ៌ជាច្រើន ដែលមានរូបរាង និងពណ៌ខុសៗគ្នា បានបង្ហើរឡើងព្រោងព្រាតពេញលើផ្ទៃអាកាសនៃរាជធានីភ្នំពេញ អមដោយភ្លេងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍មហោស្រពបង្ហើរខ្លែងខ្មែរ នាព្រឹកថ្ងៃពុធនេះ។
មហោស្រពបង្ហើរខ្លែងខ្មែរប្រចាំឆ្នាំ លើកទី២០ នាព្រឹកនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៦៨រូប មកពី១៧រាជធានី-ខេត្ត និងមានខ្លែងប្រពៃណីខ្មែរចូលរួមចំនួន៥១។
មហោស្រពបង្ហោះខ្លែងនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយ ដឹងពីប្រវត្តិ និងអត្ថន័យនៃ«ខ្លែងឯក»ខ្មែរ ថែរក្សាព្រពៃណីនៃការបង្ហើរខ្លែង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងសុន្ទរកថា នៅក្នុងការប្រារព្ធមហោស្រពបង្ហើរខ្លែងខ្មែរ លើកទី២០ នៅឯបរិវេណកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ លោក សំរាំង កំសាន្ត រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឲ្យដឹងថាព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃគោលនយោបាយជាតិលើវិស័យវប្បធម៌ ដែលធ្វើឲ្យប្រពៃណីវប្បធម៌ជាតិកម្ពុជាកាន់តែមានភាពរស់រវើក។
លោក សំរាំង កំសាន្ត ពន្យល់ថាការបង្ហោះខ្លែងនេះមិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ ក៏ប៉ុន្តែវាមានបង្កប់នូវអត្ថន័យ៣សំខាន់។
«ទី១ មនោសញ្ចេតនាដ៏ស្រទន់រវាងម្តាយ និងកូន។ ឯកហ្នឹង គឺជាសម្លេងបំពេរ។ ទី២ ខ្លែងឯក គឺអប់រំមនោសញ្ចេតនាស្នេហាជាតិបរិសុទ្ធ ព្រោះបើរត់ខ្លែងតាមភ្លឺស្រែ នឹងនឹកឃើញភ្លឺស្រែ ទំពាំងទឹក ដើមត្នោត ស្រូវទន់ ត្រី អន្លង់ គឺបណ្តុះមនោសញ្ចេនានឹកឃើញភូមិកំណើតមិនឲ្យចំណាកស្រុក។ ទី៣ គឺបណ្តុះសេចក្តីដឹងគុណ។ ខ្លែងឯកគឺមានកូន ប្រៀបដូចមាតាពរពោះបុត្រ ចឹងកូនខ្លែងដែលជាប់ហ្នឹងម៉ែហ្នឹង គឺថាម៉ែ និងកូនជាមនុស្សតែមួយ បុត្រត្រូវដឹងគុណមាតាបិតា»។
បន្ថែមពីការបណ្តុះផ្នត់គំនិតឲ្យយុវជនអភិរក្សកេរ្តិ៍ដំណែលបុរាណតាមរយៈការរៀបចំមហោស្រពបង្ហោះខ្លែងនេះ លោក សំរាំង កំសាន្ត ក៏បានលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយធ្វើការអភិវឌ្ឍកេរ្តិ៍ដំណែលបុរាណឲ្យមានលក្ខណៈទំនើបផងដែរ។
«យើងមិនមែនគ្រាន់តែអភិរក្សវប្បធម៌ជាតិទេ យើងអភិវឌ្ឍផង។ យើងទទួលវប្បធម៌ថ្មី យើងធ្វើឲ្យបុរាណយើងកាន់តែល្អ ដូច្នេះ យើងឃើញខ្លែងក្អែប ខ្លែងជិះកង់។ គំនិតច្នៃប្រឌិត យើងត្រូវការខ្លាំងណាស់ ព្រោះជាតិយើងត្រូវការអ្វីដែលថ្មី ហើយប្លែក សម្រាប់បម្រើសេចក្តីសប្បាយរីករាយ និងការអប់រំ»។
«ខ្លែងឯក» ដែលមានឈ្មោះដើមថា «ខ្លែងព្នង» ត្រូវបានបង្កើតឡើងដោយបុព្វបុរសខ្មែរប្រមាណជា៤០០ឆ្នាំមុនគ្រិស្តរាជ។ ការបង្ហោះខ្លែង នារដូវច្រូតកាត់ ដោយផ្សាភ្ជាប់ជាមួយវិស័យកសិកម្មនេះ គឺ ដើម្បីសម្តែងការដឹងគុណ ដែលប្រជាកសិករកម្ពុជា ទទួលបានទិន្នផលល្អពីការប្រមូលផលស្រូវដំណាំរបស់ពួកគេ។
កម្រងរូបភាព៖«ការបង្ហើរខ្លែងខ្មែរនៅក្រុងភ្នំពេញ»
ខ្លែងឯក ត្រូវបានធ្វើឡើងដោយមានឆ្អឹងជាឈើឬស្សី តួខ្លែងធ្វើឡើងពីក្រដាស និងមានបំពាក់ដោយឧបករណ៍ភ្លេងឈ្មោះ«ឯក» ដែលបន្លឺបានច្រើនសម្លេងយ៉ាងពិរោះ នៅពេលត្រូវបានបង្ហោះឡើងលើអាកាស។ អត្ថន័យនៃការបង្ហោះខ្លែងឯក គឺជាសកម្មភាពកំសាន្តសប្បាយបែបវប្បធម៌ប្រពៃណី ដែលមានន័យថាប្រជាពលរដ្ឋមានសេរីភាព និងប្រទេសជាតិមានសន្តិភាព។ ហើយខ្លែងឯកខ្មែរ ក៏មានបញ្ចូលក្នុងរឿងនិទានបុរាណខ្មែរ ដូចជារឿងធនញ្ច័យផងដែរ។
ប្រវត្តិសាស្ត្រកម្ពុជា បានសរសេរថា ការបង្ហោះខ្លែងឯកខ្មែរ ឬការប្រាព្ធពិធីបង្ហោះខ្លែងនៅកម្ពុជាផ្សារភ្ជាប់នឹងស្ថេរភាពរបស់ប្រទេស មានន័យថាបើប្រទេសមានសន្តិភាព នោះការបង្ហើរខ្លែង មានភាពឱឡារិក។ ផ្ទុយទៅវិញ បើប្រទេសអស្ថេរភាព នោះកម្ពុជាក៏ពុំបានប្រារព្ធពិធីបង្ហោះខ្លែងនោះទេ។ ខ្លែងឯកខ្មែរ បានរស់ឡើងវិញនាឆ្នាំ១៩៩៤ ជាពេលដែលកម្ពុជាចាប់ផ្តើមប្រារព្ធមហោស្រពបង្ហោះខ្លែងជាលើកដំបូង។
អ្នកចូលរួមប្រកួតមួយរូបមកពីខេត្តកំពង់ចាម បង្ហើរខ្លែង នៅក្នុងការប្រារព្ធមហោស្រពបង្ហើរខ្លែងខ្មែរ លើកទី២០ នៅឯបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក ឈុំ ម៉ាវ វ័យ៥៦ឆ្នាំ មកពីខេត្តសៀមរាប ដែលបានយកខ្លែងខ្លួនមកចូលរួមមហោស្រពបង្ហើរខ្លែងនេះជារៀងរាល់ នារយៈពេល៥ឆ្នាំចុងក្រោយនេះ។ លោក ឈុំ ម៉ាវ ដែលចាប់ផ្តើមបង្ហោះខ្លែងជាលើកទីមួយ តាំងពីលោកមានវ័យជាង១០ឆ្នាំមកនោះ បានថ្លែងប្រាប់VOA៖ «វាមានចំណង់ចំណូលចិត្ត ធ្លាប់បានឃើញចាស់ៗបង្ហោះបង្ហើរទៅ មានអារម្មណ៍ថាស្រលាញ់។ ធម្មតា អ្នកដែលបង្ហោះខ្លែង ពេលដែលឃើញខ្យល់មានអារម្មណ៍ថា បើយើងទៅបង្ហោះខ្លែងប្រាកដជាសប្បាយក្នុងចិត្ត។ ពេលយើងទៅបង្ហោះ មានក្មេង រត់ទៅមើល រត់ទៅជួយ ទៅអី»។
លោក ឈុំ ម៉ាវ ធ្លាប់ទទួលជ័យលាភីពីការប្រកួតខ្លែង នៅក្នុងមហោស្រពបង្ហើរខ្លែង កាលពីឆ្នាំ២០១១កន្លងទៅ ដោយលោកបានធ្វើខ្លែងជារូបស័ង្ខសីលជ័យជិះខ្យង យកមកប្រកួត។
«វាប្លែកដាច់គេ ធ្វើទៅស្អាត។ បានបង្ហាញនូវរឿងព្រេងបុរាណដល់ក្មេងជំនាន់ក្រោយ ថាស័ង្ខសីលជ័យមានមុខមាត់បែបនេះ។ ដល់ពេលទៅដល់ភូមិវិញអ្នកភូមិអបអរសាទរ ថាយើងមានមុខមានមាត់ នាំជ័យជំនះដល់ខេត្តយើងបាន»។
ក្រៅអំពីបង្អួតសម្រស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយនោះ ខ្លែងឯកខ្មែរ ក៏បានពាំនាំឈ្មោះ និងមោទភាពជាតិទៅកាន់ឆាកអន្តរជាតិចំនួន៦៦លើក ក្នុងប្រទេសចំនួន១៣ផងដែរ។ ខ្លែងឯកខ្មែរ ធ្លាប់ទទួលបានជ័យលាភីមេដាយសំរឹទ្ធ ផ្នែកសោភណភាពខ្លែង និងហោះបានល្អ នៅប្រទេសចិន កាលពីឆ្នាំ២០០៧ ទទួលបានចំណាត់ថ្នាក់លេខ៣ផ្នែកគំនូរអប្សរាលើខ្លែង ឆ្នាំ២០០៨ ក្នុងប្រទេសឥណ្ឌា និងទទួលបានពានរង្វាន់លេខមួយផ្នែកគំនូររូបប្រាសាទអង្គរវត្តលើខ្លែងឆ្នាំ២០០៩ថែមទៀតផង៕