លោកប៊ិន ឈិន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កំពុងរង់ចាំការយល់ព្រមពីរដ្ឋសភាជាតិ ដើម្បីកាន់តំណែងជាផ្លូវការជំនួសលោក សុខ អាន ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះ។
លោក សុខ អាន ដែលគេដឹងថា បានកាន់តួនាទីជាច្រើននៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ក្រៅតែពីមានមុខងារជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនោះ បានទទួលមរណភាពកាលពីថ្ងៃពុធ នៅក្នុងមន្ទីរពេទ្យមួយនៅក្នុងក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធក្នុងអាយុ៦៦ឆ្នាំ។
លោក ប៊ិន ឈិន ដែលត្រូវគេដឹងផងដែរថា ជាមនុស្សដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកចិត្តបំផុតនោះគឺ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីភ្លាមៗ ក្រោយពីមានការផ្សព្វផ្សាយលិខិតស្នើប្រាក់ចំនួន៣.០០០លានរៀល (ឬ ៧៥០.០០០ដុល្លារ) ដែលចេញដោយរដ្ឋមន្ត្រីស្តីទីម្នាក់ទៀត គឺលោក ប៊ុន អ៊ុយ សម្រាប់រៀបចំពិធីបុណ្យសពលោក សុខ អាន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA កាលពីថ្ងៃច័ន្ទថា លោក ប៊ិន ឈិន កំពុងរង់ចាំការយល់ព្រមពីរដ្ឋសភា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចតែងតាំងលោក ជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
រូបភាពឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ អំពើសំណើរបស់គណបក្សកាន់អំណាចក្នុងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់។ (ហ៊ុល រស្មី/VOA)
លោកសុខ ឥសាន ថ្លែងថា៖
«ក៏ប៉ុន្តែ វានៅមាននីតិវិធី គេមិនតែងតាំងជាស្ថាពរភ្លាមទេ ពីព្រោះនៅមាននីតិវិធីសុំការជឿទុកចិត្តពីសភា អង្គនីតិបញ្ញត្តិទៀតបាទ»។
លោក ប៊ិន ឈិន ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី។ លោកក៏ធ្លាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងជាអ្នកមានបទពិសោធន៍ច្រើនក្នុងកិច្ចការនយោបាយផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោក ប៊ិន ឈិន មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីកាន់ការងារជំនួសលោក សុខ អាន ដោយយោងតាមបទពិសោធន៍ការងារយូរឆ្នាំរបស់លោកក្នុងកិច្ចការនយោបាយ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖
«ខ្ញុំជឿទីមួយ ការចាត់តាំង ការចាប់ផ្តើមចាត់តាំងជាឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានសេចក្តីថា ឯកឧត្តម ប៊ិន ឈិន ទទួលបានការទុកចិត្ត ពីនាយករដ្ឋមន្ត្រីរួចស្រេចទៅហើយ ចំណុចទីមួយ។ ចំណុចទីពីរ ដោយសារវប្បធម៌ការងាររបស់គណបក្សប្រជាជន តែងតែយកការសម្រេចជាសមូហភាព ប៉ុន្តែទទួលខុសត្រូវ និងអនុវត្តដោយឯកជន អានេះ ជាទិសដៅ ជាគោលការណ៍ល្អណាស់ ដូច្នេះខ្ញុំអត់មានមន្ទិលស្អីសង្ស័យថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មិនមានសមត្ថភាពនោះទេ»។
កាលពីខែធ្នូ ឆ្នាំ ២០១៦ ក្នុងពេលលោកធ្វើសុន្ទរកថា ពាក់ព័ន្ធនឹងកិច្ចការបរិស្ថាន និងការផ្តល់ដីសម្បទាន សេដ្ឋកិច្ច លោក ប៊ិន ឈិន បានព្រមានដល់មន្ត្រីរដ្ឋាភិបាលអំពីការអាចចាញ់ក្នុងបោះឆ្នោតដែលនឹងខិតជិតមកដល់ ប្រសិនបើមន្ត្រីមកពីក្រសួងចំនួនបីដែលរួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មិនសហការគ្នាធ្វើកិច្ចការឲ្យបានត្រឹមត្រូវក្នុងកិច្ចការពារតំបន់អភិរក្ស និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ មិនទាន់អាចបញ្ជាក់បានថា សភានឹងកោះប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់លោក ប៊ិន ឈិន បាននៅឡើយទេ។ លោកថ្លែងបន្តថា លោកពុំមានសេចក្តីបញ្ជាក់អំពីឥស្សរជនណាមួយដែលនឹងជំនួសលោក សុខ អាន ក្រៅតែពីលោក ប៊ិន ឈិន នោះ។
រូបភាពឯកសារ៖ ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងអ្នកនាំពាក្យរដ្ឋសភាជាតិ និយាយទៅកាន់អ្នកសារព័ត៌មានក្រោយអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់ VOA ថា៖
«មិនដឹង គ្មាននរណាដឹងទេ ស្រេចតែសម្តេចនាយកនោះបាទ»។
លោក សុខ អាន បានទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីតាំងពីឆ្នាំ២០០៤ និងមានតួនាទីជាច្រើនទៀត ក្នុងនោះមានការគ្រប់គ្រងអាជ្ញាធរប្រេងកាតជាតិ ជាគណៈកម្មាធិការនិងគណៈកម្មការផ្សេងៗរបស់រដ្ឋាភិបាល។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមប្រាប់ VOA ថា រដ្ឋាភិបាលត្រូវបន្តកំណែទម្រង់ដាក់មន្ត្រីវ័យក្មេងឲ្យកាន់ការងារជំនួសមន្ត្រីចាស់ៗ ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋ ដែលប្រទេសក្បែរខាងកំពុងធ្វើនិងមានល្បឿនលឿនជាងប្រទេសកម្ពុជាផងនោះ។
អ្នកសិក្សាស្រាវជ្រាវពន្យល់ថា៖
«អានេះ គួរតែមានកំណែទម្រង់ទៅណ៎ា ដើម្បីទុកកន្លែង ទុកនាទី ជាពិសេសក្មេងៗជំនាន់ក្រោយឲ្យដឹកនាំមន្ត្រីក្មេងៗជំនាន់ក្រោយ អាចឡើងកាន់តំណែងខ្លះៗ ឲ្យគ្នារៀនធ្វើការខ្លះទៅ។ កុំឲ្យតែការងារហ្នឹង វាឃើញតែអ្នកដែលមានវ័យចំណាស់ៗត្រាំត្រែងនៅកន្លែងហ្នឹង យឺតពេលហើយនេះ ជារបៀបមួយដែលយើងឃើញថា ប្រទេសជិតខាង គេកំពុងតែដើរទៅផ្លូវហ្នឹងហើយ ការងារហ្នឹងគេចាប់រំលែកមកឲ្យមន្ត្រីក្មេងៗ ប៉ុន្តែស្រុកយើងមើលទៅមានការផ្លាស់ប្តូរ ប៉ុន្តែហាក់ដូចយឺត បើប្រៀបធៀបប្រទេសជិតខាង»។
លោកបន្ថែមថា មន្ត្រីរដ្ឋាភិបាលកម្ពុជាគួរមានតួនាទីជាក់លាក់មួយ ជាមួយនឹងការទទួលខុសត្រូវពិតប្រាកដ ជាជាងការមានតួនាទីច្រើនក្នុងពេលតែមួយ ដែលមិនមែនជាជម្រើសល្អសម្រាប់ប្រសិទ្ធភាពការងារនោះឡើយ។
នៅស្របពេលដែលលោក ប៊ិន ឈិន កំពុងត្រៀមឡើងកាន់ការងារជំនួសលោក សុខ អាន ពេញច្បាប់ ក្នុងមុខតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនោះ តំណែងផ្សេងទៀតរបស់លោក សុខ អានត្រូវគេដឹងថា នៅទំនេរនៅឡើយផងដែរ៕