កាលពាក់កណ្តាលឆ្នាំ២០១៧ អ្នកស្រី ជុំ ម៉ុនថា (Montha Chum) ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមួយរូប រស់នៅរដ្ឋមីនីសូតា បានឈរនិយាយទៅកាន់សមាជិកនៃសហគមន៍អាស៊ីអាមេរិកាំងនៅមុខសេតវិមានប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជាលើកដំបូង ដើម្បីទាមទាររកយុត្តិធម៌ជូនប្អូនប្រុសរបស់អ្នកស្រី ដែលត្រូវបានមន្ត្រីគយនិងអន្តោប្រវេសន៍ (U.S. Immigration and Customs Enforcement) ឬហៅកាត់ថា ICE ឃុំខ្លួនដើម្បីបញ្ជូនទៅប្រទេសកម្ពុជា ដោយសារតែប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្ម។
ការតវ៉ារបស់អ្នកស្រី រួមជាមួយនឹងសហគមន៍ខ្មែរនៅរដ្ឋមីនីសូតាអស់រយៈពេលជាងពីរឆ្នាំនោះ បានទទួលជោគជ័យ ដោយប្អូនប្រុសរបស់អ្នកស្រីគឺលោក ផាន ចំរើន (Chamroeun Phan) ត្រូវបានចៅក្រមនៃតុលាការអន្តោប្រវេសន៍ សម្រេចលុបចោលដីកាចាប់ខ្លួនលោកបញ្ជូនទៅប្រទេសកម្ពុជា ហើយអនុញ្ញាតឲ្យលោកទទួលបានសិទ្ធិរស់នៅដោយស្របច្បាប់នៅអាមេរិក ដោយផ្អែកលើសម្អាងថា លោក ផាន ចំរើន បានកែខ្លួន ហើយការចាប់បញ្ជូនខ្លួនរូបលោកទៅប្រទេសកម្ពុជា អាចនឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ក្រុមគ្រួសារលោកនៅសហរដ្ឋអាមេរិក។
រូបឯកសារ៖ លោក អន រ៉ន (An Ron) ជាមួយនឹងក្រុមគ្រួសារ (ស្តាំ) លោក អ៊ូច ចាន់ហេង (Ouch Chan Heng) ជាមួយក្រុមគ្រួសារ (កណ្តាល) និងលោក ផាន ចំរើន (ឆ្វេង) (Phan Chamroeun)ជាមួយភរិយា និងកូនស្រី។ (រូបថតផ្តល់ឲ្យដោយ RELEASE MN 8)
លោក ផាន ចំរើន ត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួន រួមមានទាំងបទបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ កាលពីឆ្នាំ២០០៩។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក៏ប៉ុន្តែលោកត្រូវបានដោះលែងមុនពេលកំណត់ដោយសារតែអាកប្បករិយាល្អ ដោយបានជាប់ឃុំរយៈពេល៤០ថ្ងៃប៉ុណ្ណោះ។
ទាំងអ្នកស្រី ជុំ ម៉ុនថា និងលោក ផាន ចំរើន ដែលសព្វថ្ងៃរស់នៅទីក្រុង Saint Paul រដ្ឋមីនីសូតា បានកើតនៅជំរំជនភៀសខ្លួនខាវអ៊ីដាង ប្រទេសថៃ នៅពេលដែលឪពុកម្តាយរបស់អ្នកទាំងពីរបានភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅចុងពាក់កណ្តាលទសវត្សរ៍១៩៧០។
រូបឯកសារ៖ “Release MN8” ឬបកប្រែជាភាសាខ្មែរថា «ដោះលែង បុរស៨នាក់នៅ Minnesota» គឺជាសកម្មជនមួយក្រុមនៅរដ្ឋ Minnesota ដែលបានរួបរួមគ្នាកាលពីខែសីហា ឆ្នាំ២០១៦ ដើម្បីតវ៉ាឲ្យមានការដោះលែងបុរសខ្មែរ៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ដើម្បីបញ្ជូនទៅប្រទេសកម្ពុជា ដោយសារតែឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តកាលពីអតីតកាល ហើយបានជាប់ទោសរួចរាល់ហើយ។ បុរសប្រាំនាក់ ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជាកាលពីខែឧសភាកន្លងទៅនេះ។ (ទែន សុខស្រីនិត/VOA)
យ៉ាងណាមិញ ពីរឆ្នាំក្រោយពីការតវ៉ារបស់អ្នកស្រីបានជោគជ័យ គេនៅតែឃើញ អ្នកស្រី ជុំ ម៉ុនថា ចូលរួមតវ៉ាជាមួយសមាជិកនៃសហគមន៍អាស៊ីអាមេរិកាំងផ្សេងៗទៀត រួមមានវៀតណាម និងឡាវ នៅមុខការិយាល័យអាជ្ញាធរគយនិងអន្តោប្រវេសន៍ នៅទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA អ្នកស្រីបានបញ្ជាក់ពីមូលហេតុនៃការបន្តតវ៉ារកយុត្តិធម៌ដល់ជនជាតិខ្មែរផ្សេងៗទៀតថា៖
«[ការតវ៉ារកយុត្តិធម៌នេះ] បានអនុញ្ញាតឲ្យខ្ញុំក្លាយជាសំឡេងតំណាងឲ្យបងប្អូនជនជាតិខ្មែរជាច្រើនដែលមិនអាចបញ្ចេញសំឡេងតំណាងឲ្យសមាជិកគ្រួសាររបស់ពួកគេបាន។ ដូច្នេះ ការតវ៉ានេះគឺជាមធ្យោបាយមួយរបស់ខ្ញុំក្នុងការធ្វើការជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមគ្រួសារខ្មែរបាននៅជួបជុំគ្នា។ ដោយសារតែនៅក្រោមរដ្ឋបាលនេះ ជនជាតិខ្មែរជាច្រើននាក់ត្រូវបានចាប់បញ្ជូនខ្លួន គឺកើនដល់ទៅ២២៩ភាគរយ តាំងពីរដ្ឋបាលថ្មីនេះចូលកាន់តំណែង»។
ការតវ៉ាទ្រង់ទ្រាយធំមួយនេះបានធ្វើឡើងកាលពីដើមខែតុលានេះ ដោយមានការចូលរួមពីពលរដ្ឋជាង៥០០នាក់ មកពីសហគមន៍អាស៊ីអាមេរិកាំង នៅទីក្រុង Boston រដ្ឋម៉ាស្សាឈូសេត ទីក្រុង Sacramento និងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋ Rhode Island និងរដ្ឋវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍បែបអមនុស្សធម៌របស់អាជ្ញាធរគយនិងអន្តោប្រវេសន៍ មកលើសហគមន៍ជនជាតិខ្មែរ ដែលជាក្រុមអតីតជនភៀសខ្លួន ដែលធ្លាប់បានប្រព្រឹត្តបទល្មើសពីអតីតកាល បើទោះបីជាពួកគេបានជាប់ទោសរួចហើយក្តី។
តាមច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៦របស់សហរដ្ឋអាមេរិក (Illigal Immigration and Immigrant Responsibility Act of 1996) ជនអន្តោប្រវេសន៍ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងត្រូវបាត់បង់សិទ្ធិរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក ហើយត្រូវប្រឈមនឹងការនិរទេសទៅប្រទេសដើមកំណើតរបស់ខ្លួនវិញ។ ហើយកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ចុះកាលពីឆ្នាំ២០០២ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការទទួលយកពលរដ្ឋខ្មែរដែលបានប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍ ទៅប្រទេសកម្ពុជាតាមការស្នើសុំរបស់រដ្ឋាភិបាលអាមេរិក ដោយគ្មានករណីលើកលែង។
អតីតជនភៀសខ្លួន៖ ភាពក្រីក្រ អវិជ្ជា ការប្រព្រឹត្តបទល្មើស
ក៏ប៉ុន្តែ ភាពចម្រូងចម្រាសបានកើតមានឡើង នៅពេលដែលមន្ត្រីគយនិងអន្តោប្រវេសន៍បានរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នេះ ដោយស្វែងរកចាប់ខ្លួនជនអន្តោប្រវេសន៍ដែលធ្លាប់បានប្រព្រឹត្តបទល្មើសពីអតីតកាល បើទោះបីជាពួកគេបានជាប់ទោសរួចហើយ និងបានកែប្រែខ្លួនរស់នៅក្នុងសង្គមដោយមិនបន្តប្រព្រឹត្តបទល្មើសទៀតក្តី។ ហើយជនរងគ្រោះនៃការស្វែងរកចាប់ខ្លួនរបស់មន្ត្រីគយនិងអន្តោប្រវេសន៍ជាលក្ខណៈទ្រង់ទ្រាយធំ រួមទាំងអតីតជនភៀសខ្លួនខ្មែរ វៀតណាម និងឡាវជាដើម។
កម្រងរូបភាព៖ សហគមន៍អាស៊ីអាគ្នេយ៍នៅអាមេរិកបង្ហាញសាមគ្គីភាពគ្នាតទល់នឹងទស្សនៈប្រឆាំងជនភៀសខ្លួន
សកម្មជនគាំពារសិទ្ធិពលរដ្ឋអាស៊ីអាមេរិកាំង ដូចជាអ្នកស្រី ជុំ ម៉ុនថា បានចាត់ទុកថា ការធ្វើបែបនេះ គឺជាការរំលោភសិទ្ធិរបស់សមាជិកនៃសហគមន៍អាស៊ីអាគ្នេយ៍ដែលជាក្រុមជនជាតិភាគតិចនៅសហរដ្ឋអាមេរិក ជាពិសេសក្រុមអតីតជនភៀសខ្លួនមកពីកម្ពុជា ឡាវ និងវៀតណាម ដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ដោយសារតែសង្គ្រាមដែលសហរដ្ឋអាមេរិកធ្លាប់ពាក់ព័ន្ធ។
អ្នកស្រី ជុំ ម៉ុនថា បានថ្លែងថា៖
«សហគមន៍ខ្មែរយើងមិនបានទទួលការអប់រំអីទេ។ [អាមេរិក] យកពួកយើងមករស់នៅក្នុងប្រទេស ក្នុងនាមជាជនភៀសខ្លួន ហើយដាក់ពួកយើងឲ្យរស់នៅក្នុងតំបន់ពោរពេញដោយភាពក្រីក្រ ហើយពួកយើងត្រូវបានគេចម្អក ដោយសារពួកយើងខុសពីគេ»។
អ្នកស្រី Katrina Dizon Mariategue អ្នកគ្រប់គ្រងគម្រោងគោលនយោបាយអន្តោប្រវេសន៍នៃអង្គការ SEARAC ដែលធ្វើការគាំពារមតិនិងសិទ្ធិរបស់សហគមន៍ខ្មែរ ឡាវ និងវៀតណាម ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បញ្ជាក់ថា ភាពក្រីក្រ ការខ្វះឱកាសទទួលបានការអប់រំ និងការមិនទទួលបានជំនួយឲ្យបានគ្រប់គ្រាន់ពីរដ្ឋាភិបាលអាមេរិក បានបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើនដល់សហគមន៍ជនភៀសខ្លួនខ្មែរ ដែលអ្នកខ្លះបានធ្លាក់ខ្លួនចូលក្រុមជនពាល និងប្រព្រឹត្តបទល្មើស ដែលតាមច្បាប់អន្តោប្រវេសន៍អាមេរិក បណ្តាលឲ្យពួកគេប្រឈមនឹងការចាប់បញ្ជូនខ្លួនទៅកម្ពុជា។
អ្នកស្រី Katrina បានថ្លែងថា៖
«ពួកគេមិនចេះនិយាយភាសាអង់គ្លេសទេ ហើយព្យាយាមកសាងជីវិតថ្មី។ ដោយខ្វះឱកាសទទួលបានការអប់រំដើម្បីប្រកបរបរចិញ្ចឹមជីវិត ក្រុមជនភៀសខ្លួនទាំងនេះជួបនឹងបញ្ហាប្រឈមជាច្រើន ដែលបណ្តាលឲ្យពួកគេខ្លះធ្លាក់ក្នុងស្ថានភាពដែលប្រឈមនឹងការនិរទេសខ្លួន។ ជាញឹកញាប់ យុវជននៃសហគមន៍ជនភៀសខ្លួនបានធ្លាក់ខ្លួនក្លាយជាក្រុមជនពាល ហើយជាលទ្ធផល ពួកគេបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលយើងយល់ថា ឧក្រិដ្ឋកម្មនោះកើតឡើងដោយសារភាពក្រីក្រ»។
សកម្មជនគាំពារសិទ្ធិសហគមន៍អាស៊ីអាមេរិកាំងរូបនេះ បានបន្ថែមថា សហគមន៍ដទៃទៀតគួរតែស្វែងយល់បន្ថែមពីប្រវត្តិតស៊ូរបស់សហគមន៍ខ្មែរនៅដើមទសវត្សរ៍១៩៨០ ដើម្បីអប់រំខ្លួនអំពីឫសគល់នៃបញ្ហាប្រឈមនានា ដែលបានបណ្តាលឲ្យជនជាតិខ្មែរមួយចំនួនធំធ្លាក់ខ្លួនប្រព្រឹត្តបទល្មើសកាលពីក្មេង។ ប៉ុន្តែអ្នកស្រីក៏បានកត់សម្គាល់ផងដែរថា អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសពីមុនភាគច្រើនបានកែខ្លួន បន្ទាប់ពីទទួលទោសរួចហើយ ហើយរស់នៅក្នុងសង្គមដោយសាមញ្ញ។
ចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ជនជាតិខ្មែរចំនួន ៨០នាក់ ត្រូវបាននិរទេសទៅប្រទេសកម្ពុជា។ ហើយគិតពីថ្ងៃទី២១ ខែកញ្ញាមកទល់ពេលនេះ ជនជាតិខ្មែរចំនួន ១,៧៦៤នាក់ បានទទួលដីកាចាប់បញ្ជូនខ្លួនទៅកម្ពុជា។ ក្នុងចំណោមអ្នកទាំងនោះ ជនជាតិខ្មែរចំនួន ១,២៧៦នាក់ មានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយក្នុងនោះ ២៤នាក់ កំពុងតែត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់អាជ្ញាធរគយនិងអន្តោប្រវេស៍។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Paige D. Hughes អ្នកនាំពាក្យរបស់អាជ្ញាធរគយនិងអន្តោប្រវេសន៍ នៅក្នុងសារអេឡិចត្រូនិក ឬអ៊ីមែលមកកាន់ VOA។
បើគិតចាប់តាំងពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ឆ្នាំ២០០២មក ជនជាតិខ្មែរសរុបចំនួន ៧៣៣នាក់ ត្រូវបានចាប់បញ្ជូនទៅកម្ពុជា។
ការតស៊ូមតិជាសហគមន៍
ទោះជាយ៉ាងណាក្តី អ្នកស្រី ជុំ ម៉ុនថា បានប្រាប់ VOA ថា ការប្រមូលផ្តុំគ្នារបស់សហគមន៍អាស៊ីអាមេរិកាំង មានសារៈសំខាន់ក្នុងការស្វែងរកអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានៃការចាប់ឃុំខ្លួន និងបញ្ជូនខ្លួនពលរដ្ឋអាស៊ីនៅសហរដ្ឋអាមេរិក ដោយគ្មានមនុស្សធម៌។
ការប្រមូលផ្តុំគ្នា និងការតវ៉ាជាក្រុមនេះ គឺជាយុទ្ធសាស្ត្រមួយដែលសហគមន៍អាស៊ីអាមេរិកាំងកំពុងតែពង្រីក ដើម្បីធានាថា ការចាប់ខ្លួនសមាជិកនៃសហគមន៍នេះដោយមន្ត្រីគយនិងអន្តោប្រវេសន៍ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវតាមនីតិរដ្ឋ និងផ្អែកលើគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
អ្នកស្រី ជុំ ម៉ុនថា បានថ្លែងថា៖
«បើនិយាយពីសកម្មភាពជាថ្នាក់ជាតិវិញ យើងបានចេញតវ៉ាពេញប្រទេសអំពីការស្វែងរកចាប់ខ្លួនមនុស្សនៅក្នុងសហគមន៍ខ្មែរ ហើយកាលពីសប្តាហ៍មុន យើងបានដឹងថា ជនជាតិខ្មែរយើងមួយចំនួនត្រូវបានសម្ភាសដោយមន្ត្រីកុងស៊ុលខ្មែរ។ ដូច្នេះយើងមិនទាន់ដឹងថា ជនជាតិខ្មែរចំនួនប៉ុន្មាននាក់ឲ្យប្រាកដទេ ដែលនឹងត្រូវបានចាប់បញ្ជូនខ្លួន។ ប៉ុន្តែ យើងកំពុងធ្វើការរួមគ្នាជាថ្នាក់ជាតិ ដើម្បីព្យាយាមជួយឲ្យគ្រួសារខ្មែរបាននៅជុំគ្នា»។
អ្នកស្រី Katrina Dizon Mariategue នៃអង្គការ SEARAC ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ សហគមន៍អាស៊ីអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក កំពុងតែប្រមូលផ្តុំមតិគ្នា ដើម្បីទាមទារឲ្យមានការអន្តរាគមន៍ពីថ្នាក់រដ្ឋ ជាពិសេសពីអភិបាលរដ្ឋ ក្នុងការផ្តល់ការលើកលែងទោសដល់អ្នកដែលមានប្រវត្តិប្រព្រឹត្តបទល្មើស។
ការផ្តល់ការលើកលែងទោសនេះ មានន័យថា ពួកគេត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលជាលទ្ធផលនឹងជួយឲ្យពួកគេអាចរួចផុតពីការចាប់បញ្ជូនខ្លួនទៅប្រទេសកំណើតវិញ ក្នុងករណីដែលសំណុំរឿងថ្មីរបស់ពួកគេទទួលបានជោគជ័យ តាមនីតិវិធីនៃតុលាការអន្តោប្រវេសន៍។
អ្នកស្រី Katrina លើកឡើងថា៖ «នៅថ្នាក់រដ្ឋ ដោយមានការលើកលែងទោសពីអភិបាលរដ្ឋ វានឹងជួយសម្រួលដល់ការរៀបចំសំណុំរឿងដើម្បីទាមទារឲ្យមានការលុបចោលការចាប់បញ្ជូនខ្លួនពួកគេបាន»។
ក៏ប៉ុន្តែ ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គេឃើញមានការបង្កើនការរឹតបន្តឹងនិងអនុវត្តច្បាប់អន្តោប្រវេសន៍បែបទ្រង់ទ្រាយធំ និងយ៉ាងរហ័ស ដែលបង្កជាការលំបាកដល់សហគមន៍ក្នុងការស្វែងរកការអន្តរាគមន៍ណាមួយឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យមានការចាប់បញ្ជូនខ្លួនបែបអមនុស្សធម៌។ ជាក់ស្តែង នៅឆ្នាំ២០១៧ រដ្ឋាបាលលោក ត្រាំ បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោយផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជាដែលធ្វើការនៅក្រសួងការបរទេស ដោយសារតែកម្ពុជាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ឆ្នាំ២០០២រវាងអាមេរិកនិងកម្ពុជាឲ្យបានត្រឹមត្រូវ។
អ្នកស្រី Katrina បានថ្លែងថា៖
«ដោយសារតែមូលហេតុនេះ យើងកំពុងតែឃើញថា អាជ្ញាធរគយនិងអន្តោប្រវេសន៍អនុវត្តច្បាប់យ៉ាងសាហាវ ហើយដាក់សម្ពាធបន្ថែមលើកម្ពុជា»។
ក្រុមសកម្មជនគាំពារសិទ្ធិសហគមន៍អាស៊ីអាមេរិកាំងកំពុងព្រួយបារម្ភថា ជនជាតិខ្មែរជាច្រើននាក់ នឹងត្រូវបានចាប់បញ្ជូនខ្លួនទៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សកម្មជនការពារសិទ្ធិសហគមន៍ដូចជា អ្នកស្រី ជុំ ម៉ុនថា ក្តីសង្ឃឹមក្នុងការជួយគ្រួសារខ្មែរឲ្យបាននៅជួបជុំគ្នា ត្រូវតែមានជាបន្តទៀត ទោះបីជាកាលៈទេសៈបច្ចុប្បន្ននេះលំបាកយ៉ាងណាក៏ដោយ។
អ្នកស្រីបានថ្លែងថា៖
«ប៉ុន្តែយើងមិនត្រូវបោះបង់ការតស៊ូចោលទេ ហើយត្រូវមានក្តីសង្ឃឹម ហើយត្រូវសកម្មក្នុងការទាក់ទងទៅសហគមន៍ទាំងមូល មុននឹងការស្វែងរកចាប់ខ្លួនមនុស្ស [ដោយមន្ត្រីគយនិងអន្តោប្រវេសន៍] កើតឡើង ដើម្បីឲ្យយើងអាចជួយពួកគេបានមុននឹង វិបត្តិកើតឡើង»៕