ស្របពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាកំពុងមានភាពតានតឹងខ្លាំង គណបក្សប្រឆាំងបានប្រកាសពីជំហរក្នុងការបន្តប្រើប្រាស់វប្បធម៌សន្ទនា នៅមុនការមកដល់នៃការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទនេះ។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស ថ្លែងថា ការជួបចរចាណាមួយអាចធ្វើឡើង ប្រសិនបើមិនមានការទាមទារឲ្យដោះលែងសកម្មជន និងមន្ត្រីនៃគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿងផ្សេងៗគ្នារាប់ពីការបង្កឲ្យមានហិង្សា បញ្ហាព្រំដែន និងការសូកប៉ាន់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់អ្នកសារព័ត៌មាន អំពីគោលបំណងរបស់គណបក្សប្រឆាំង ក្នុងការបន្តឲ្យមានវប្បធម៌សន្ទនា ដើម្បីបញ្ចប់ជម្លោះនយោបាយដែលកំពុងកើតមាន។ (ហ៊ុល រស្មី/VOA)
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នក សារព័ត៌មាន បន្ទាប់ពីជំនួបរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង និងលោក អាឡាំង ដូស (Alang Doss) នាយកប្រតិបត្តិនៃមូលនិធិ កូហ្វី អាណាន់ (Kofi Annan Foundation) កាលពីល្ងាចថ្ងៃច័ន្ទថា ការជួបសន្ទនាគឺជាជម្រើសតែមួយគត់ ដែលអាចដោះស្រាយជម្លោះនយោបាយក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ។
លោក យឹម សុវណ្ណ ថ្លែងថា៖
«វានៅសល់មធ្យោបាយតែមួយគត់ គឺការជជែកគឺការជជែកគ្នា ការសន្ទនាគ្នាដើម្បីរកដំណោះស្រាយ ពីព្រោះបើសិនជាខ្មែរយើងមិនអង្គុយជជែកគ្នា ដោះស្រាយបញ្ហាទេ អត់មាននរណាជួយដោះស្រាយឲ្យយើងទេ អ្នកនៅក្រៅប្រទេស អង្គការសហប្រជាជាតិ គាត់បន្ទាប់បន្សំទេ»។
វប្បធម៌សន្ទនារវាងគណបក្សធំៗទាំងពីរបានជួបការប្រេះស្រាំ បន្ទាប់ពីសកម្មជននិងមន្ត្រីរបស់គណបក្សប្រឆាំង ត្រូវបានចាប់និងឃុំខ្លួនជាបន្តបន្ទាប់ចាប់ពីខែកក្កដា ឆ្នាំ២០១៥មក។
សកម្មជន មន្ត្រី និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងយ៉ាងហោចណាស់១៤នាក់កំពុងស្ថិតក្នុងពន្ធនាគារ និងមានអ្នកនយោបាយផ្សេងទៀតនៃគណបក្សនេះកំពុងរងបណ្តឹងពីស្ថាប័នតុលាការ ក្នុងនោះមានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងបណ្តឹងក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់។ រីឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានប្រាប់ VOA ថា អ្នកនយោបាយគណបក្សគ្រប់គ្រងប្រទេសមិនដែលបិទទ្វារមិនឲ្យមានការចរចានោះទេ។ ប៉ុន្តែលោកថា ការចរចាណាមួយមិនអាចកើតមាន សម្រាប់ការចង់ឲ្យមានការដោះលែងអ្នកជាប់ឃុំ និងមានពិរុទ្ធភាពនោះទេ។ លោកបញ្ជាក់ថា អ្នកនយោបាយមិនអាចលូកដៃចូលស្ថាប័នតុលាការបានឡើយ។
លោក សុខ ឥសាន បញ្ជាក់ថា៖
«គាត់ថា ចង់ជួប ចង់ជួបហ្នឹង ចង់ទៅដោះអ្នកដែលកំពុងតែដំណើរការនីតិវិធីរបស់តុលាការ។ អញ្ចឹង យើងចេះតែនិយាយថា តុលាការមិនឯករាជ្យ ហើយយើងចេះតែចង់ជ្រៀតជ្រែកការងារតុលាការ»។
នៅពេល VOA សួរបន្ថែមថា តើគណបក្សប្រជាជនអាចនឹងត្រូវការអ្វីពីខាងគណបក្សសង្គ្រោះជាតិ ដើម្បីមានការចរចានោះ លោក សុខ ឥសាន បដិសេធមិនធ្វើការអធិប្បាយ តែបានស្នើឲ្យក្រុមមន្ត្រី ឬអ្នកនយោបាយគណបក្សប្រឆាំងកុំប្រព្រឹត្តបទលើ្មសដែលនាំដល់ការឃុំខ្លួន។ ចំណែកឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សប្រឆាំងមិនមានផែនការលះបង់ការទាមទារខាងនយោបាយមួយចំនួននាពេលបច្ចុប្បន្ននោះទេ។
ដោយឡែក អ្នកនាំពាក្យនៃគណបក្សនយោបាយទាំងពីរ និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅក្នុងជំនួបរវាងអ្នកនយោបាយនៃគណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជា ក៏ដូចជាលោក អាឡាំង ដូស នាយកប្រតិបត្តិនៃអង្គការមូលនិធិ កូហ្វី អាណាន់ មានការពិភាក្សាគ្នាពាក់ព័ន្ធនឹងស្ថានភាពនយោបាយក្នុងពេលបច្ចុប្បន្ន ការធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោត ច្បាប់បោះឆ្នោត និងការត្រៀមលក្ខណៈបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។
លោក អាឡាំង ដូស (Alang Doss) នាយកប្រតិបត្តិនៃអង្គការមូលនិធិកូហ្វីអាណាន់ (Kofi Annan Foundation) ប្រាប់អ្នកសារព័ត៌មាន អំពីកិច្ចការរបស់មូលនិធិក្នុងកិច្ចការបោះឆ្នោត បន្ទាប់ពីជំនួបជាមួយក្រុមអ្នកនយោបាយគណបក្សប្រឆាំង កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
លោក អាឡាំង ដូស បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយអ្នកនយោបាយនៃគណបក្សប្រឆាំងថា លោកគ្រាន់តែបានធ្វើការណែនាំអំពីកិច្ចការដែលអង្គការមូលនិធិកូហ្វីអាណាន់ បានធ្វើក្នុងកិច្ចការបោះឆ្នោតតែប៉ុណ្ណោះ។
ក្រៅពីជំនួបជាមួយភាគីទាំងបីនេះ ក្រុមការងាររបស់អង្គការមូលនិធិ កូហ្វី អាណាន់ ដឹកនាំដោយលោក អាឡាំង ដូស នឹងបន្តជួបក្រុមសង្គមស៊ីវិល នៅមុនការជួបគ្នាម្តងទៀតជាមួយនឹងមន្ត្រីនៃគ.ជ.ប។ អង្គការមូលនិធិ កូហ្វី អាណាន់ គឺជារបស់លោក កូហ្វី អាណាន់ ដែលជាអតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ៕