មន្ត្រីវប្បធម៌ និងនិស្សិតសិល្បៈស្នើឲ្យមានការចូលរួមពីសាធារណជនក្នុងការលើកស្ទួយសិល្បៈគំនូរបុរាណ ដែលជាផ្នែកសំខាន់មួយនៃវិចិត្រសិល្បៈរបស់កម្ពុជា។
សិល្បៈគំនូរបុរាណគឺស្ថិតក្នុងចំណោមទម្រង់សិល្បៈរបស់ខ្មែរ ដែលប្រជារាស្ត្រខ្មែរមិនសូវស្គាល់ នៅគ្រាដែលថវិកាសម្រាប់ការជំរុញសិល្បៈនេះនៅមានកម្រិត។ ការណ៍នេះបានក្លាយជាឧបសគ្គចម្បងដល់អ្នកសិល្បៈខ្មែរ។
លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មើលស្នាដៃសិល្បៈនៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។
លោកឈឹម សុទ្ធី ប្រធានស្តីទីនាយកដ្ឋានសួនរូប និងសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និយាយថា ថវិកាតិចតួចដែលផ្តល់ជូនពីរដ្ឋាភិបាលសម្រាប់ការផ្សព្វផ្សាយអំពីទម្រង់សិល្បៈគំនូរបុរាណនេះ ជាឧបសគ្គនៃការបង្កើនការយល់ដឹងអំពីទម្រង់សិល្បៈនេះ។
លោកលើកឡើងថា សាធារណជនខ្មែរ ឬក៏វិស័យឯកជន អាចចូលរួមចំណែកឧបត្ថម្ភថវិកា បន្ថែមទៅលើអ្វីដែលរដ្ឋាភិបាលផ្តល់ជារៀងរាល់ឆ្នាំ។ លោកនិយាយថា រដ្ឋាភិបាលបានផ្តល់ថវិកាត្រឹមតែ៥០លានរៀលទៅ៦០លានរៀលប៉ុណ្ណោះសម្រាប់ការផ្សព្វផ្សាយ និងរៀបចំមហោស្រពសិល្បៈខ្មែរ។
«ជាការណ៍ពិតណាស់ កាលណាយើងមានកាន់តែទូលំទូលាយបាទ អីចឹង យើងអាចមានការ ធ្វើការផ្សព្វផ្សាយដូចជាលើកកម្ពស់អាវិស័យហ្នឹងឲ្យបានច្រើន។ បើថវិកាតិចតួច អាហ្នឹង អាវិស័យហ្នឹងក៏យើងធ្វើមិនបានទូលំទូលាយដែរ។ បើទៅថ្ងៃមុខ បើថាមានអង្គការសមាគម ក៏ដូចជាអ្នកដែលចង់ជួយហើយគឺថា យើងសប្បាយចិត្តណាស់ ដើម្បីពង្រីកវិស័យសិល្បៈហ្នឹងឲ្យបានទូលំទូលាយច្រើនដល់មហាជនតាមខេត្តទៀត មិនថា ធ្វើនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេបាទ»។
ការថ្លែងរបស់មន្ត្រីវប្បធម៌រូបនេះកើតមានឡើង នៅមុនការចាប់ផ្តើមមហោស្រពគំនូរបុរាណដែលរៀបចំឡើងកាលពីដើមខែវិចិ្ឆកានេះ នៅបណ្ណាល័យជាតិ។
លោកសំអឿន ប៊ុនថេង ដែលទទួលបានជ័យលាភីលេខ១ក្នុងឱកាសមហោស្រពសិល្បៈជាតិគំនូរបុរាណស្តីពី «ហនុមានចែចង់នាងសុវណ្ណមច្ឆា» និយាយថា គំនូរបុរាណគឺជាសិល្បៈគូររូប ដែលទាមទារឲ្យមានភាពអត់ធ្មត់ និងត្រូវការពេលវេលាដើម្បីគូសវាសរំលេច បង្កើតបានជាផ្ទាំងគំនូរវិចិត្រមួយ។
មន្រ្តីក្រសួងវប្បធម៌មួយរូបមើលរូបគំនូររឿងរាមកេរ្ត៍ដែលទទួលបានពានរង្វាន់នៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។
លោកសំអឿន ប៊ុនថេង និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ VOA បន្ថែមថា ការផ្សព្វផ្សាយដែលនៅមានភាពតូចចង្អៀតនេះ មិនបានផ្តល់ឱកាសដល់អ្នកដែលមានទេពកោសល្យទទួលបានព័ត៌មាន ហើយចូលរួមប្រកួតប្រជែងស្នាដៃដើម្បីជាការលើកកម្ពស់ដល់សិល្បៈគំនូរបុរាណដែលសាធារណជនមិនទាន់ស្គាល់ដូចគំនូរសម័យ។
«ការផ្សព្វផ្សាយហ្នឹង មានអារម្មណ៍ថាតិចពេក។ បើផ្សព្វផ្សាយឲ្យខ្លាំង ហើយទូទាំងប្រទេស ខ្ញុំជឿថា ប្រទេសយើងប្រហែលជាសម្បូរអ្នកគូរខ្លាំងៗ ព្រោះអីសូម្បីតែមិត្តភ័ក្តិខ្ញុំមួយចំនួនក៏គេ អត់បានប្រឡងដែរ»។
លោកបានបន្តថា រដ្ឋាភិបាលគួរពង្រីកការរៀបចំមហោស្រពសិល្បៈគំនូរបុរាណឲ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីបង្កើនការចូលរួមពីអ្នកដែលមានថ្វីដៃក្នុងសិល្បៈគំនូរបុរាណនេះ នៅបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
វិចិត្រករខ្មែរពណ៌នាថា សិល្បៈគំនូរនេះសឹងតែផុតរលត់ពីប្រទេសកម្ពុជាទៅហើយ ដោយសារតែកូនខ្មែរនាពេលបច្ចុប្បន្នមិនចង់សិក្សាសិល្បៈនេះ ពីព្រោះមានការលំបាកច្រើនក្នុងទទួលបានជំនាញសិល្បៈមួយនេះ។
លោកព្រហ្ម វិចិត្រ នាយកប្រតិបត្តិអង្គការវិចិត្រករខ្មែរដើម្បីកុមារ បានប្រាប់ VOA ថា ការអភិរក្ស និងការបង្កើនការផ្សព្វផ្សាយនៃសិល្បៈបុរណមួយនេះគឺជាការចាំចាច់ដើម្បីរក្សាទុកសិល្បៈគំនូរខ្មែរបុរាណនេះ ដោយសារសិល្បៈគំនូរដដែលនេះកំពុងសិ្ថតក្នុងសភាពងាយនឹងបាត់បង់។
«គំនូរបុរាណយើងសឹងតែផុតពូជហើយបាទ។ ហេតុអីខ្ញុំនិយាយអីចឹង? ដោយសារគេអត់សូវចាប់អារម្មណ៍ទេ នៅសម័យនេះ។ ឧបមាថា នៅក្នុងសាលាវិចិត្រសិល្បៈមួយ ពាក្យថា គំនូរបុរាណហ្នឹង យើងបែងចែកថា រើស១០នាក់ទៅ ខ្លះអត់ចូលចិត្តទេ អត់សូវចង់បានទេ ដូចថាគាត់យល់ផ្សេង។ គាត់ថា ជាគំនូរមួយពិបាក។ ហេតុអី? យើងពិបាកក្បាច់ ពិបាកកាត់សរសៃ ពិបាកឲ្យពណ៌ ព្រោះគំនូរបុរាណ វាពិបាកជាងគំនូរសម័យ។ ដូច្នេះ មនុស្សម្នាក់ៗគេអត់ចង់ អត់ចង់រៀនទេ»។
លោកព្រហ្ម វិចិត្រ បញ្ជាក់ទៀតថា រដ្ឋាភិបាលគួរបង្កើនថវិកាក្នុងវិស័យនេះ រីឯវិស័យឯកជនក៏គួរចូលរួមចំណែកឲ្យបានច្រើនបន្ថែមទៀត ក្នុងការទ្រទ្រង់ឲ្យសិល្បៈនេះរស់រានទៅថ្ងៃអនាគត។
លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងទៅកាន់អ្នកសារពត៌មានក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចូលរួមពិធីមហាស្រពសិល្បៈគំនូរបុរាណ ដែលបានធ្វើឡើងពីថ្ងៃ៣ដល់៥វិច្ឆិកានោះ ពុំបានលើកឡើងអំពីបញ្ហាថវិកា ដើម្បីជំរុញឲ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីសិល្បៈគំនូរបុរាណនោះទេ។ ផ្ទុយទៅវិញ លោកស្រីបានលើកទឹកចិត្តឲ្យយុវជន ដែលប្រើប្រាស់សម្ភារៈ និងទូរស័ព្ទទំនើបជួយធ្វើការផ្សព្វផ្សាយពីសិល្បៈបុរាណមួយនេះ។
«ដូច្នេះ សូមប្អូនទាំងអស់គ្នា ដែលមាន Screen ហ្នឹងជួយចែកចាយផងថា ថ្ងៃនេះបានចូលរួម នៅក្នុងមហោស្រពសិល្បៈសូនរូប តាម iPhone តាម iPad ផ្ញើគ្នាមក ឲ្យគ្នាមកជួយមើល ឲ្យស្គាល់ ឲ្យបានដឹង។ យើងមិនអាចលេងៗបានទេ។ បើសិនជាយើងមិនស្គាល់ យុវជនណា៎...បន្តិចទៀត អ្នកដឹកនាំ ដូចជាពួកយើងខ្ញុំទៅមុខអស់ហើយ អត់មានមកក្រោយទេ។ ដូច្នេះ អ្នកបន្តវេនគឺពួកប្អូន ហើយបន្តវេនម៉េច បើអត់ទាន់ស្គាល់ខ្មែរផងហ្នឹង! ចង់បន្តវេន ចង់ដឹងនាំប្រទេសខ្មែរ ទាល់តែស្គាល់ខ្មែរ»។
វិចិត្រករខ្មែរបានឲ្យដឹងថា គំនូរបុរាណខ្មែរគឺជាកេរ្តិ៍មរតកសិល្បៈរបស់បុព្វបុរសតាំងពីរយូរលង់មកហើយគឺតាំងពីមុនការកកើតអក្សរសាស្ត្រជាតិខ្មែរ៕