ភ្នំពេញ__នាវេលារសៀលមួយកាលពីដើមខែឧសភា ដែលមានការធ្លាក់ភ្លៀងយ៉ាងជោកជាំ ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានមកដល់ផ្ទះវីឡាមួយ ស្ថិតក្នុងតំបន់បឹងកេងកង ដែលជាសង្កាត់អចលនទ្រព្យថ្នាក់ខ្ពស់របស់រាជធានីភ្នំពេញ ដែលមិនសូវជាមានការលម្អឆើតឆាយទៅតាមនិន្នាការនៃការរចនាពេលបច្ចុប្បន្ន។ គេហដ្ឋានកម្រិតបែបអភិជន តែសាមញ្ញមួយនេះ តុបតែងទៅដោយរូបចម្លាក់បុរាណ គ្រឿងសង្ហារឹមឈើម៉ូតសម័យដើម។
បន្ទាប់ពីបានចតរថយន្តក្រៅបរិវេណវីឡា ដែលមានរបងខ្ពស់ៗព័ទ្ធជុំជិត ក្រុមភ្ញៀវដែលទើបនឹងមកដល់ត្រូវបានគេនាំចូលទៅក្នុងផ្ទះ ដើម្បីជួបម្ចាស់ផ្ទះ គឺអ្នកស្រី ម៉ីឌិន ណាត្យា ដែលនៅរង់ចាំក្នុងបន្ទប់សិក្សានៅជាន់ទីមួយ។ នៅជាន់ផ្ទាល់ដីនៃផ្ទះ គេឃើញមានការដាក់តាំងរូបថតសខ្មៅនៃបុរសម្នាក់ ក្នុងឈុតទាហានឆ័ត្រយោងត្រូវបានដាក់តាំង នៅជាច្រើនកន្លែង។
រូបថត ឧត្ដមសេនីយ៍ ឡេះ កូសែម ក្នុងឈុតទាហានឆ័ត្រយោង ដែលបរិច្ចាគដោយភរិយារបស់លោក កាលពីដើមខែឧសភា ឆ្នាំ២០១៨ មកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា។ (ឯកសារ ឡេះ កូសែម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
បុរសក្នុងរូបថតនោះគ្មាននរណាក្រៅតែពីស្វាមីរបស់អ្នកស្រី ណាត្យា គឺលោកឧត្តមសេនីយ៍ ឡេះ កូសែម ជាជនជាតិភាគតិចចាម កើតក្នុងប្រទេសកម្ពុជា ក្នុងអំឡុងទសវត្សឆ្នាំ១៩២០ ហើយក្រោយមកបានឈានទៅកាន់តួនាទីដ៏សំខាន់ក្នុងជួរយោធា អំឡុងពេលសង្គ្រាមវៀតណាម។ ប៉ុន្តែមានឯកសារតិចតួចបំផុត ដែលនិយាយអំពីលោក។
លោក ឡេះ កូសែម ត្រូវបានគេស្គាល់ តាមរយៈទំនាក់ទំនងដ៏ស្មុគ្រស្មាញរបស់លោក ជាមួយចលនាតស៊ូរបស់ជនជាតិភាគតិចក្នុងតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម ជនជាតិចាមនៅកម្ពុជា និងខ្មែរក្រោមនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ។ ទំនាក់ទំនងទាំងនេះ បានធ្វើឲ្យគាត់ក្លាយជា មេដឹកនាំយោធាមួយរូបដែលមានប្រវត្តិចម្រូងចម្រាសមួយ មុននឹងកម្ពុជាធ្លាក់ក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត នៅសម័យខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៥។
ចលនាដែលលោក កូសែម មានការពាក់ព័ន្ធ មានឈ្មោះថា រណសិរ្សតស៊ូរួមរបស់ជនជាតិដែលត្រូវគេជិះជាន់ ហៅកាត់ថា FULRO ។ ចលនានេះ មានគោលបំណងស្វះស្វែងស្វ័យភាពកាន់តែច្រើនជាងមុន សម្រាប់ជនជាតិចាមកាន់សាសនាឥស្លាម ខ្មែរកម្ពុជាក្រោមដែលរស់នៅភូមិភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន និងជនជាតិភាគតិចម៉ុងតាញ៉ារស់នៅតាមតំបន់ភ្នំក្នុងប្រទេសវៀតណាម។
រូបឯកសារ៖ ក្រុមបុរសជនជាតិដើមតំបន់ភ្នំវៀតណាម ឬ Montagnard ដើរតាមផ្លូវចេញពីតំបន់ព្រៃជ្រៅនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រភាគឦសានក្រុងបានលុងទីរួមខេត្តរតនគីរីកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៤។
លោកឧត្ដមសេនីយ៍ចាមរូបនេះ ក៏ត្រូវបានគេជឿថា មានតួនាទីមួយនៅក្នុងការរៀបចំបើកផ្លូវផ្គត់ផ្គង់អាវុធភ័ស្ដុភារ និងស្បៀងទៅឱ្យ កងទ័ពវៀតកុង នៃវៀតណាមខាងជើង ដែលតាំងទីនៅក្នុងប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ នេះបើយោងតាមឯកសាររង្វាយតម្លៃមួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈឹម CIA ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីឆ្នាំ២០០៩។
នៅក្នុងការឆ្លើយឆ្លងទូរលេខសម្ងាត់មួយរបស់ក្រសួងការបរទេសអាមេរិក ដែលទម្លាយដោយអង្គការ Wikileaks កាលពីឆ្នាំ២០១៣ បានឲ្យដឹងថា លោក ឡេះ កូសែម មានតួនាទីសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដែលមិនពេញលេញ ក្នុងការបញ្ជូនជនជាតិចាមទៅកាន់ប្រទេសកាន់សាសនាឥស្លាម។ ការណ៍នោះ គឺដើម្បីចៀសវាងការសម្លាប់រង្គាលដែលគេប៉ាន់ស្មានទុកជាមុនលើជនជាតិចាម ក្នុងអំឡុងការគ្រប់គ្រងរបស់ខ្មែរក្រហម។
ខ្ញុំផ្តល់ឯកសារទាំងនេះ ដោយសារខ្ញុំចង់បានសុចរិតភាព និងយុត្តិធម៌ដល់មនុស្សស្មោះត្រង់
អ្នកស្រី ម៉ីឌិន ណាត្យា ភរិយារបស់លោក ឡេះ កូសែម បានប្រគល់វ៉ាលីចំនួន៣ ផ្ទុកទៅដោយឯកសារនិងរបស់របរជាច្រើនទៀត ទៅឲ្យលោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបុគ្គលិកម្នាក់ទៀត ព្រមទាំងអ្នករាយការណ៍របស់ VOA ម្នាក់រួមដំណើរផងដែរ នាឯបន្ទប់សិក្សា ក្នុងគេហដ្ឋានរបស់អ្នកស្រី។
ខណៈដែលកញ្ចប់វ៉ាលីធំៗទាំងបីត្រូវបានគេអូសចូលមកដាក់បង្ហាញក្នុងបន្ទប់សិក្សា អ្នកស្រី ណាត្យា បានប្រាប់អំពីមូលហេតុ ដែលអ្នកស្រីសម្រេចចិត្តបរិច្ចាគបណ្ណាសារផ្ទាល់ខ្លួនរបស់ប្តីអ្នកស្រីថា៖
«ខ្ញុំផ្តល់ឯកសារទាំងនេះ ដោយសារខ្ញុំចង់បានសុចរិតភាព និងយុត្តិធម៌ដល់មនុស្សស្មោះត្រង់»។
អ្នកស្រីបន្ថែមថា អ្នកស្រីមានការសង្ឃឹមទុកថា ឯកសារដែលបានបរិច្ចាគនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការសិក្សាឲ្យកាន់តែច្បាស់លាស់នៃជីវិតនយោបាយរបស់ប្តីអ្នកស្រី។
លោកឧត្តមសេនីយ៍ ឡេះ កូសែម ត្រូវបានគេស្គាល់តាមរយៈឯកសារយោធាមុនសម័យខ្មែរក្រហម ដែលនៅសេសសល់តិចតួច អំពីតួនាទីដ៏ចម្រូងចម្រាសរបស់លោក ក្នុងកិច្ចការសឹក។ ប៉ុន្តែក្រុមគ្រួសាររបស់លោក មានការចងចាំដាច់ដោយឡែក អំពីរូបលោក។
ភរិយារបស់លោក ឡេះ កូសែម បានរៀបរាប់អត្តចរិកប្តីរបស់ខ្លួនថា ជាស្វាមីដែលស្មោះត្រង់និងពោរពេញដោយក្តីស្រឡាញ់ចំពោះអ្នកស្រី។ ពួកគេបានរួមរស់ជីវិតអាពាហ៍ពិពាហ៍ដ៏ស្រស់ត្រកាលមួយ មុននឹងលោក ឡេះ កូសែម ស្លាប់នៅក្នុងមូលហេតុដ៏អាថ៌កំបាំងមួយ ក្រោយការចាកចេញទៅរស់នៅប្រទេសម៉ាឡេស៊ី ដើម្បីគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងឆ្នាំ១៩៧៥។
ស្ត្រីជាពាណិជ្ជករវ័យចំណាស់រូបនេះ បាននិយាយថា លោកឧត្តមសេនីយ៍រូបនេះបានបន្សល់បណ្តាំមកកាន់អ្នកស្រីមុនពេលស្លាប់ថា វិញ្ញាណរបស់លោកនឹងមិនទៅណា ហើយនៅរង់ចាំអ្នកស្រីនៅឯ«ទ្វារឋានសួគ៌»។
អ្នកស្រី ណាត្យា បានតាំងចិត្តរក្សាឯកសារទាំងនេះឲ្យប្តីរបស់អ្នកស្រី និងយកតាមខ្លួនទៅគ្រប់ទីកន្លែងដែលអ្នកស្រីធ្លាប់ផ្លាស់ទីរស់នៅ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ឯកសារដែលបរិច្ចាគលើកនេះ គឺជា បណ្ណាសារផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ ប្រៀបនឹងឯកសារដែលស្ថាប័នលោកធ្លាប់ទទួលនាពេលកន្លងមក។
លោកបន្ថែមថា លោកសង្ឃឹមថានឹងមានការ «បំពេញផ្នែកមួយ ដែលបាត់បង់នៅក្នុងប្រវត្តិសាស្ត្រ» អំពីរឿងរ៉ាវជីវិតរបស់លោក ឡេះ កូសេម និងសកម្មភាពរបស់លោកទាក់ទងនឹងចលនា FULRO ដែលមិនទាន់មានការសិក្សាច្បាស់។
រូបឯកសារ៖ លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) និងក្រុមការងារ ចាប់ផ្ដើមមើលប័ណ្ណសារផ្ទាល់ខ្លួនរបស់ឧត្ដមសេនីយ៍ ឡេះ កូសែម ដែលត្រូវបានបរិច្ចាគនាពេលថ្មីៗដល់មជ្ឈមណ្ឌលនេះ សម្រាប់ការសិក្សាស្រាវជ្រាវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨។ (អូន ឆេងប៉រ/VOA)
ខណៈកំពុងរើឯកសារចេញពីវ៉ាលី ដែលត្រូវបានរៀបចំចាត់ចែងថ្នាក់បានយ៉ាងគត់មត់ លោក ឆាំង យុ និយាយថា៖
«ឯកសារនេះក៏សំខាន់ដែរ ជាឯកសារដើមអំពីការរៀបចំឲ្យមាន FULRO ឯកសារដើមអំពីអ្នកចូលរួមគំនិត ទស្សនវិស័យ ហើយនិងពីការបាត់បង់ FULRO ហ្នឹងដែរ»។
គាត់[ឡេះ កូសេម] គឺ FULRO។ FULRO គឺ គាត់[ឡេះ កូសេម] គឺជីវិតគាត់ហ្មង!
ក្រោយការពិនិត្យឯកសារមួយចំនួន លោក ឆាំង យុ បានពិពណ៌នាជាបឋមអំពីឧត្តមសេនីយរូបនេះថា៖
«គាត់[ឡេះ កូសែម] គឺ FULRO។ FULRO គឺ គាត់[ឡេះ កូសែម] គឺជីវិតគាត់ហ្មង!»។
លោក ឆាំង យុ បានបន្ថែមថា ឯកសារទាំងនេះនឹងបើកផ្លូវឲ្យមានការស្វែងយល់បន្ថែមអំពីចលនា FULRO តាមដំណើរជីវិតរបស់ឧត្តមសេនីយ៍ ឡេះ កូសែម។
បណ្ណាសារឯកជនដែលត្រូវបានរក្សាទុកយ៉ាងហោចជាង៤ទសវត្សរ៍នេះរួមមាន រូបថត ហ្វីល កំណត់ត្រាសរសេរដោយដៃ លិខិតឆ្លើយឆ្លង សៀវភៅ ទស្សនាវដ្តី ផែនទី និងឯកសារផ្លូវការជាច្រើនទៀត។ ក្នុងនោះក៏មានចំណារជាប្រភេទ «សំងាត់» និង «បន្ទាន់» លើឯកសារនោះផងដែរ។ នេះបើតាមការសង្កេតដោយអ្នករាយការណ៍ VOA នៅពេលដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់ផ្តើមរើឯកសារចេញពីវ៉ាលី កាលពីដើមខែឧសភា។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) និងក្រុមការងារ ចាប់ផ្ដើមមើលប័ណ្ណសារផ្ទាល់ខ្លួនរបស់ឧត្ដមសេនីយ៍ ឡេះ កូសែម ដែលត្រូវបានបរិច្ចាគនាពេលថ្មីៗដល់មជ្ឈមណ្ឌលនេះ សម្រាប់ការសិក្សាស្រាវជ្រាវ។ (អូន ឆេងប៉រ/VOA)
ឯកសារនិងរបស់របរផ្សេងៗទៀតក្នុងកញ្ចប់បណ្ណាសារនេះ នឹងត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យ និងចម្លងទុក មុននឹងត្រូវបានបើកឲ្យសាធារណជនធ្វើការសិក្សាស្រាវជ្រាវ៕