អ្នកវិភាគមួយចំនួន មិនទាន់មានចម្លើយច្បាស់លាស់ទៅនឹងសំណួរថាតើនឹងមានបដិវត្តន៍ពណ៌នៅកម្ពុជាដែរឬទេ នៅក្នុងស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ។
ក៏ប៉ុន្តែ ក្រុមមន្ត្រីកម្ពុជា មានទាំងមន្ត្រីថ្នាក់ខេត្ត នៅបន្តបង្ហាញការតាំងចិត្តវាយកម្ទេចបណ្ដាញរបស់ចលនាបដិវត្តន៍ពណ៌។
ថ្មីៗនេះ នៅឯក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង អ្នកធ្វើដំណើរឆ្លងកាត់ខេត្តជាប់បឹងទន្លេសាបមួយនេះ នឹងមិនអាចមើលរំលងបានទេ នូវបដាធំៗ ដែលមានសរសេរអក្សរធំៗផងដែរថា៖
«ប្រជាជនខេត្តកំពង់ឆ្នាំងប្រឆាំងដាច់ខាតជនក្បត់ជាតិ និងបក្សពួកដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា»។
នេះគឺជាបដាដែលមិនធ្លាប់មានពីមុនមក សម្រាប់អបអរពិធីបុណ្យទន្លេ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។
បដាមួយដែលនិន្នាការនយោបាយ ត្រូវបានដាក់តាំងនៅលើផ្លូវជាតិកាត់ក្រុងកំពង់ឆ្នាំង ជាប់បឹងទន្លេសាប។ (ស៊ុន ណារិន/VOA)
ខេត្តកំពង់ឆ្នាំង មិនបាននិយាយចំឈ្មោះបុគ្គលដែលដឹកនាំចលនាបដិវត្តន៍ពណ៌ដែលបានបោកបក់លើតំបន់មជ្ឈិមបូព៌ា ផ្នែកខ្លះនៃអឺរ៉ុបខាងកើត និងតំបន់អាហ្វ្រិកនោះទេ តែក្រុមមន្ត្រីគ្រាក់ៗ នៃកងយោធពលខេមរភូមិន្ទ បានដាក់ការសង្ស័យលើលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជា រំលាយចោលកាលពីឆ្នាំ២០១៧។
លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា ប្រាប់ VOA កាលពីខែមករាថា មិនទាន់មានឃើញសញ្ញាណណាមួយ ដែលបង្ហាញពីការផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជានោះទេ។
អ្នកវិភាគរូបនេះ មានប្រសាសន៍ថា រដ្ឋាភិបាលគួរសិក្សាពីរោគសញ្ញាដែលអាចបញ្ឆេះចលនាបដិវត្តន៍ ដែលលោកយល់ថា មិនអាចចេះតែកើតឡើងដោយឯកឯងនោះទេ។
«បដិវត្តន៍ពណ៌នេះ វាមិនមែននៅស្ងៀមៗ វាកើតខ្លួនឯងទេ។ វាកើតដោយសារតែរដ្ឋាភិបាលហ្នឹងមិនបានទទួលខុសត្រូវទៅលើយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសរបស់ខ្លួន។ បាទ អ៊ីចឹង បើសិនជារដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភរឿងហ្នឹងមែន គួរតែនាំគ្នាសម្លឹងមើលមកវិញមកថា នៅពេលដែលយើងតែងតែនិយាយអំពីការព្រួយបារម្ភនូវរឿងបដិវត្តន៍ពណ៌នេះ ក៏ត្រូវតែមានដំណោះស្រាយណាខ្លះ ដែលត្រូវធ្វើជាបន្តបន្ទាប់ ដើម្បីការពារកុំឲ្យបដិវត្តន៍ហ្នឹងកើតឡើង ហើយការការពារបដិវត្តន៍ពណ៌នេះ គឺមិនមែនដំណោះស្រាយរបស់វា មិនមែនជាការគំរាម មិនមែនជាការតាមដានទេ»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ មានប្រសាសន៍ថា បដិវត្តន៍ពណ៌ គឺជាចលនាសកលមួយដែលបានធ្វើឲ្យអ្នកតាក់តែងគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ កើតការព្រួយបារម្ភ។
«អ្នកវិភាគ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ គាត់មានការបារម្ភ។ អ៊ីចឹង ការបារម្ភហ្នឹង គឺវាមានហេតុផល ទាក់ទងទៅនឹងអាចលនាសកលហ្នឹង។ ហើយយើងមើលពីទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជា ក៏វាគួរឲ្យមានការបារម្ភខ្លះដែរ ពីព្រោះថា អាចនឹងមាន គេហៅថា ចលនាមហាជនណាមួយ ដើម្បីធ្វើការតវ៉ាប្រឆាំងហ្នឹងរដ្ឋាភិបាលហ្នឹង ហើយវាអាចឈានទៅរក ចលនាមហាជនធំ កាន់តែធំទៅៗ អ៊ីចឹងអាហ្នឹង ក៏ជាការបារម្ភមួយ។ ខ្ញុំថា វាមានហេតុផល វាសមស្របទៅនឹងកាលៈទេសៈ ដែលពិភពលោកកំពុងតែជួបប្រទះ ក្នុងរយៈពេលទសវត្សរ៍ចុងក្រោយនេះបាទ»។
អ្នកវិភាគកិច្ចការតំបន់រូបនេះ ក៏មិនទាន់ប្រាកដថាតើនឹងមានរោគសញ្ញាជាក់លាក់ណាមួយដែលនាំឲ្យមានការផ្ទុះឡើងនូវបដិវត្តន៍នៅកម្ពុជាជាថ្មី តែលោកបានប្រមើលថា ចលនាមហាជនមួយអាចនឹងកើតមានឡើង នៅពេលមានវត្តមានអតីតមេបក្សប្រឆាំងនៅកម្ពុជា។
លោក ឈាង វណ្ណារិទ្ធ ថ្លែងបន្ថែមថា៖
«ទាក់ទងរោគសញ្ញា វាអាស្រ័យទៅលើអ្នកគេហៅថា វិភាគ ក៏ដូចជាអ្នកវាយតម្លៃទៅលើស្ថានការណ៍ជាក់ស្ដែង ហើយបើយើងមើលទៅឃើញថា ចលនាហ្នឹង មហាជនហ្នឹងអាចកើតឡើងខ្លាំង ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងគាត់សម្រេចចូលមកស្រុកខ្មែរវិញ ខ្ញុំឧទាហរណ៍ វាអាចបង្កើតជាចលនាមហាជនមួយបាទ។ អ៊ីចឹង អាហ្នឹងក៏ជា ការព្រួយបារម្ភ ហើយវាអាចជាការគំរាមទៅដល់ស្ថានការណ៍សន្តិសុខ នយោបាយនៅកម្ពុជាហ្នឹងដែរ។ វាអាស្រ័យទៅលើ អ្នកដឹកនាំនយោបាយដែរ»។
រូបឯកសារ៖ កសិករខេត្តកោះកុងត្រូវបានរារាំងដោយកងសន្តិសុខ នៅពេលដែលពួកគេតវ៉ានៅក្បែរផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
រដូវផ្ការីកអារ៉ាប់ បានធ្វើឲ្យរង្គោះរង្គើប្រព័ន្ធដឹកនាំនៅក្នុងប្រទេសអារ៉ាប់ស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក ហើយរាលដាលមកដល់តំបន់អឺរ៉ុប ដោយសារតំបន់ទាំងនោះប្រឈមនឹងរោគសញ្ញានៃវិបត្តិសង្គមនិងនយោបាយធំៗ រួមនឹងជម្លោះសាសនានៅក្នុងប្រទេសទាំងនោះ។
វិបត្តិទាំងនោះរួមមាន ការរីករាលដាលនៃភាពក្រីក្រ អំពើពុករលួយ គម្លាតទ្រព្យសម្បត្តិ ការប្រមូលផ្ដុំអំណាចនៅលើតែថ្នាក់កណ្ដាលរបស់រដ្ឋាភិបាល ការធ្លាក់ចុះដុនដាបនៃសេដ្ឋកិច្ច ការរំលោភសិទ្ធិធ្ងន់ធ្ងរ ហើយនឹងការស្ថិតនៅក្នុងអំណាចយូរហួសហេតុរបស់មេដឹកនាំ។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកវិភាគគោលនយោបាយបានបញ្ជាក់ VOA ឲ្យដឹងតាមសារអេឡិចត្រូនិក ឬ Email កាលពីថ្ងៃអង្គារនៅសប្ដាហ៍នេះថា មិនទាន់មានតម្រុយណាបង្ហាញថា បដិវត្តន៍នឹងមកដល់កម្ពុជាទេ តែការផ្លាស់ប្ដូរទៅវិញទេ ដែលកំពុងមកកាន់កម្ពុជា។
លោកបានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរតាមន័យដើមថា៖
«ខ្ញុំគិតថា ការផ្លាស់ប្ដូរកំពុងមកកាន់កម្ពុជា។ បដិវត្តន៍ពណ៌គឺការច្នៃប្រឌិតរបស់អាជ្ញាធរក្រុងភ្នំពេញ ហើយខ្សែបណ្ដាញរបស់ពួកគេនៅតាមខេត្ត គឺគ្រាន់តែចាំបញ្ជាពីមេធំប៉ុណ្ណោះ។ ពួកគេគ្រាន់តែធ្វើទៅតាមអ្វីដែលពួកគេបានប្រាប់ ហើយវាត្រូវបានកែច្នៃឲ្យត្រូវទៅតាមអ្វីដែលមេកើយរបស់ពួកគេចង់បាន»។
ក៏ប៉ុន្តែ អ្នកជំនាញការខាងវិទ្យាសាស្ត្រនយោបាយរូបនេះ បានព្រមានថា ចលាចលស៊ីវិលនឹងកើតឡើង ប្រសិនបើប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្រោមកម្មវិធី Everything But Arm ឬ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហរដ្ឋអាមេរិក Generalized System of Preferences ឬ GSP ត្រូវបានព្យួរ នៅចំពោះមុខការលាងលុយកខ្វក់របស់ចិននៅកម្ពុជា។
លោកបានបញ្ជាក់តាមន័យដើមថា៖
«ប្រសិនបើ EBA ត្រូវបានគេព្យួរទុកនោះ GSP ក៏នឹងត្រូវបានគេព្យួរទុកផងដែរ។ ហើយជាមួយការលាងលុយកខ្វក់ និងការបំពារបំពានរបស់ចិននោះ ចលាចលស៊ីវិលអាចនឹងកើតមានឡើង»។
លោក អ៊ា សុផល មិនផ្ដល់ការបញ្ជាក់លម្អិតអំពីដំណើរការលាងលុយកខ្វក់របស់ចិនយ៉ាងណានោះទេ តែលោកបានចង្អុលដល់ការយកពន្ធមិនត្រឹមត្រូវរបស់រដ្ឋទៅលើអាជីវកម្មកាស៊ីណូ របស់ជនជាតិចិននៅក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដែលស្ថិតនៅទិសនិរតីរបស់ប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរគឺលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការរកស៊ីរបស់ចិន គឺត្រឹមត្រូវ។
«បាទ គាត់មកតាមស្របច្បាប់របស់យើង។ ការប្រព្រឹត្តខុសច្បាប់ យើងចាប់បញ្ជូនទៅវិញ ហើយអ្នកវិភាគហ្នឹង គ្រាន់តែបញ្ចូលបន្ថែមនៅក្នុងបញ្ហានៅកម្ពុជានោះទេ។ ក៏ប៉ុន្តែ ចំពោះរាជរដ្ឋាភិបាល យើងមើលយ៉ាងជិតស្និទ្ធបំផុត មិនឲ្យមានបុគ្គលទាំងឡាយណា ទោះជាតិ និងបរទេស ដែលមានលទ្ធភាពក្នុងការធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម ធ្វើឲ្យមានវិបត្តិ ដែលធ្វើឲ្យប្រជាពលរដ្ឋបះបោរ យើងទប់ស្កាត់»។
រូបឯកសារ៖ កងកម្លាំងសន្តិសុខត្រៀមខ្លួនបង្រាបបាតុកម្មមួយ នៅក្បែររដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។
គ្រាដែលអ្នកវិភាគ មិនអាចបញ្ជាក់ចំៗថា តើតម្រុយណាមួយ ដែលអាចទាញកម្ពុជាឲ្យងាកទៅរកការធ្វើបដិវត្តន៍ជាថ្មីទៀតនោះ លោក ផៃ ស៊ីផាន បានបញ្ចេញឈ្មោះលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិថា ជាអ្នកអាចនៅពីក្រោយចលនាបដិវត្តន៍ពណ៌ ដោយហេតុថា អតីតមេបក្សប្រឆាំងរូបនេះ បានអំពាវនាវឲ្យកងទ័ព បែរកាណុងកាំភ្លើងមករកមេដឹកនាំកំពូលរបស់រដ្ឋាភិបាលខ្មែរនាពេលបច្ចុប្បន្ន។
«តម្រុយដែលកើតឡើង គឺសម រង្ស៊ី អ្នកអំពាវនាវឲ្យកងទ័ព បែរកាណុង ឬប្រយុទ្ធប្រឆាំងជាមួយនឹងសម្ដេចដែលជានាយករដ្ឋមន្ត្រីកម្ពុជាកើតចេញពីការបោះឆ្នោត។ ហើយតម្រុយដែលយើងមើលឃើញ គាត់អំពាវនាវឲ្យអ្នកដែលប្រជាពលរដ្ឋខ្មែរ គឺថាបះបោរឡើងទៅចាប់នាយករដ្ឋមន្ត្រី។ អានេះ គឺចំណុចសំខាន់ៗ ដែលយើងមើលឃើញ ហើយចំណុចដទៃទៀតនោះ យើងមិនអាចនិយាយជាសាធារណៈបានទេបាទ»។
លោក សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅឯប្រទេសបារាំង មិនឆ្លើយតបសំណួររបស់ VOA ដែលផ្ញើជូនលោកតាមសារអេឡិចត្រូនិក ឬ Email តាំងពីថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
នៅឯខេត្តកំពង់ឆ្នាំងឯណោះវិញ អាជ្ញាធរខេត្តជាប់បឹងទន្លេសាបមួយនេះ មិនត្រឹមតែលើកបដាវាយប្រហារក្រុមក្បត់ជាតិ ដែលមិនមានឈ្មោះក្នុងការធ្វើបដិវត្តន៍នោះទេ តែអាជ្ញាធរថែមទាំងបានលើកសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា«រដ្ឋបុរស និងមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា»៕