អារម្មណ៍នៃការដែលអាចត្រូវគេតាមឃ្លាំមើលជាប្រចាំ នៅតែកើតមានឡើងសម្រាប់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋាន។
នៅក្នុងឃុំចន្រ្តី ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តនេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានអះអាងថា ពួកគេមិនមានសេរីភាពក្នុងការនិយាយស្តី ប្រមូលផ្តុំ និងដើរហើរ ដូចមុននោះទេ។
ស្តាប់សេចក្តីរាយការណ៍លម្អិតជាសំឡេង
Your browser doesn’t support HTML5
ក្រោយបក្សសង្រ្គោះជាតិត្រូវរំលាយ សកម្មជននិងប្រជាពលរដ្ឋលែងហ៊ាននិយាយរឿងនយោបាយ
មិនមែនតែមន្រ្តីគណបក្សប្រឆាំងប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះ ក៏មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិអំពីរឿងនយោបាយ ឬក៏លែងហ៊ានមានទំនាក់ទំនងជាមួយមន្រ្តីគណបក្សប្រឆាំង ដូចកាលពីមុន។
លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ ដែលបានបាត់បង់តំណែង ក្រោយគណបក្សនេះ ត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំមុន។
លោកបានថ្លែងប្រាប់ VOA ថា កាលពីដើមខែកុម្ភៈនេះ មន្រ្តីប៉ុស្តិ៍ប៉ូលិសក្នុងឃុំ បានហៅទូរស័ព្ទមកសួរថាលោកធ្វើដំណើរមកភ្នំពេញ ឬយ៉ាងណា ដោយសារលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ត្រូវបាននាំខ្លួនពីពន្ធនាគារក្នុងខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ។
លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ អង្គុយក្រោមផ្ទះរបស់លោក ខណៈផ្តល់បទសម្ភាសន៍ដល់ VOA។ លោកបានបាត់បង់តំណែងក្រោយគណបក្សនេះត្រូវបានរំលាយ កាលពីខែវិច្ឆិកាឆ្នាំមុន។ (ស៊ុន ណារិន/VOA)
លោបន្តថា ការសួរនាំនេះ ដោយសារអាជ្ញាធរខ្លាចលោកទៅចូលរួមធ្វើបាតុកម្ម ឬតវ៉ានៅភ្នំពេញ។
លោកមានប្រសាសន៍ថា៖
«បើសិនជាមានបញ្ហានៅភ្នំពេញអី អាហ្នឹងគេសួរនាំដែរ។ គេសួរនាំយើងតាមទូរស័ព្ទ ថានៅផ្ទះឬទៅភ្នំពេញ។ ខ្ញុំនឹកឃើញថា ប្រហែលជាគេខ្លាចខ្ញុំទៅភ្នំពេញ ធ្វើបាតុកម្ម ធ្វើអីអញ្ចឹងហា»។
លោក ដារ៉ា និងមន្រ្តីបក្សប្រឆាំងផ្សេងទៀតនៅក្នុងឃុំចន្ត្រី ធ្លាប់បានមកចូលរួមធ្វើបាតុកម្មនៅភ្នំពេញកាលពីឆ្នាំ២០១៣ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ ដែលមានការតវ៉ាទាមទារឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក ដារ៉ា បន្តថាបច្ចុប្បន្ននេះ លោកមិនធ្វើសកម្មភាពនយោបាយអ្វីនោះទេ ហើយទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក៏មិនដូចមុនដែរ។ លោកបានថ្លែងថា៖
«ខ្ញុំមិនចេញដើរទៅណា អត់ធ្វើសកម្មភាពអីទេ ដោយសារកុំឲ្យគេចោទប្រកាន់ថា ខ្ញុំហ្នឹងមានគោលបំណងអី ធ្វើចលនាអីផ្សេងៗ ខ្ញុំសុខចិត្តនៅស្ងៀម»។
លោកបន្តថា ប្រសិនបើលោកមានសកម្មភាព ឬមានការជួបជុំចាប់ពី៤នាក់ឡើងទៅ លោកអាចនឹងមានគេតាមដាន។
នៅពេលកំពុងចាប់ផ្តើមផ្តល់បទសម្ភាសន៍ជាមួយVOAនៅក្រោមផ្ទះរបស់លោក ដារ៉ា ភរិយារបស់លោក គឺលោកស្រី ចាប តន អាយុ៦១ឆ្នាំ បានងើបពីអង្រឹងក្បែរនោះ ហើយនិយាយទៅកាន់លោក ដារ៉ា ដោយបារម្ភខ្លាចថា មានគេតាមដាន ឬមកហាមឃាត់ ដោយសារលោកនិយាយជាមួយអ្នកយកព័ត៌មានVOA។
លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ និងភរិយារបស់លោក គឺលោកស្រី ចាប តន អាយុ៦១ឆ្នាំ អង្គុយក្រោមផ្ទះរបស់លោកខណៈ ផ្តល់បទសម្ភាសន៍ដល់ VOA។ លោកស្រីបានងើបពីអង្រឹងក្បែរនោះ ហើយនិយាយទៅកាន់លោក ដារ៉ា ដោយបារម្ភខ្លាចថា មានគេតាមដាន ឬមកហាមឃាត់ ដោយសារលោកនិយាយជាមួយអ្នកយកព័ត៌មានVOA។ (ស៊ុន ណារិន/VOA)
ប៉ុន្តែ លោក ដារ៉ា បានលើកឡើងថា ការណ៍នេះ មិនមែនជាបញ្ហាអ្វីនោះទេ។
ភរិយារបស់លោក នៅតែមើលទៅផ្លូវដែលមានដីហុយ ពេលមានរថយន្តជិះកាត់ខាងមុខផ្ទះម្តងៗ ដោយបារម្ភខ្លាចថា អាចមានអាជ្ញាធរ ឬនគរបាលឃុំតាមដាន។
ដោយសារភាពភ័យខ្លាចនេះ លោកស្រីមានប្រសាសន៍ថា លោកស្រី មិនចង់ឲ្យស្វាមី បន្តធ្វើនយោបាយតទៅទៀតនោះទេ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំថាបើនេះ ឈប់ទៅ មិនបាច់បន្តទៀតទេ ធ្វើប្រជារាស្ត្រសាមញ្ញទៅ»។
លោក ដារ៉ា ដែលបានចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា កាលពីឆ្នាំ២០០៩ មានប្រសាសន៍ថា លោកបានឈ្នះតំណែងមេឃុំចន្រ្តីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាឆ្នាំ២០១៧ ដោយគណបក្សសង្គ្រោះជាតិ ទទួលបាន៤អាសនៈ ក្នុងចំណោម៧អាសនៈ។
ប៉ុន្តែ លោកបាត់បង់តំណែង ក្រោយគណបក្សប្រឆាំងនេះ ត្រូវបានរំលាយចោល ហើយអាសនៈទាំង៤ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជាវិញ។
បន្ទាប់ពីបាត់បង់តំណែងជាមេឃុំ ដែលទទួលបានប្រាក់ខែ៨៨ម៉ឺនរៀលក្នុងមួយខែនោះ លោក ដារ៉ា មិនមានការងារអ្វីធ្វើនោះទេ។ រហូតមកដល់ពេលនេះ លោកធ្វើស្រែ និងដាំបន្លែបន្តិចបន្តួចនៅផ្ទះ ដូចជាស្ពៃជាដើម។
លោក និងភរិយារបស់លោក ក៏ត្រូវបានកូនផ្គត់ផ្គង់ប្រាក់បន្តិចបន្តួចបន្ថែមពីលើចំណូលតិចតួចដែលបានមកពីការជួលមេក្រូក្នុងកម្មវិធីផ្សេងៗក្នុងឃុំ និងលក់ថ្នាំបុរាណ។
លោក ដារ៉ា មិនបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ បើទោះជាមានការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបន្តបន្ទាប់ក៏ដោយ។
លោក ដារ៉ា ដែលធ្លាប់ត្រូវបានទាក់ទងឲ្យចុះចូលជាមួយគណបក្សកាន់អំណាច មានប្រសាសន៍ថា លោកមិនចង់ក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យលោកនោះទេ។
ទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជា ប្រចាំឃុំចន្រ្តី ក្នុងស្រុករមាសហែក ដែលស្ថិតនៅជិតសាលាឃុំចន្រ្តី និងប៉ុស្តិ៍នគរបាលឃុំចន្រ្តី។ (ស៊ុន ណារិន/VOA)
ចន្រ្តីជាឃុំមួយក្នុងចំណោមឃុំចំនួន១៦ នៅក្នុងស្រុករមាសហែក ដែលមានប្រជាជនជាង១ម៉ឺននាក់នេះ។
អង្គុយនៅចំពោះមុខរូបលោក ដារ៉ា ខាងក្រោមផ្ទះរបស់លោក គឺលោក ទិត្យ ម៉ារុង អាយុ៦៦ឆ្នាំ ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំស្រុករមាសហែក ដែលបានបាត់បង់តំណែងជាសមាជិកក្រុមប្រឹក្សាស្រុកដែរ ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។
លោក ទិត្យ ម៉ារុង មានប្រសាសន៍ថា ជាធម្មតា លោកមិនដែលធ្វើដំណើរចេញពីផ្ទះរបស់លោក ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីផ្ទះរបស់លោក ដារ៉ា នោះទេ។ លោកបញ្ជាក់ថា លោកក៏មិនមានសកម្មភាពនយោបាយដូចមុនដែរ។
លោកបានថ្លែងថា៖
«ចុះគេតាមដានរាល់តែថ្ងៃ តែនិយាយខុស វារឿង។ មិនរឿង ក៏គេចោទទៅជារឿងកើត។ វាពិបាករឿងប៉ុណ្ណឹង។ ពីមុនខ្ញុំដើរហើរទៅណាមកណាអី ទាំង១៦ឃុំ និយាយរួមទៅណាក៏បាន ឥឡូវអត់។ ឥឡូវទៅបាន ទៅបានស៊ីការ ទៅបុណ្យអីទេ។ ទៅហ្នឹង ក៏មិនហ៊ាននិយាយអីរឿងនយោបាយទៀតហ្ន»។
លោក ទិត្យ ម៉ារុង អាយុ៦៦ឆ្នាំ ជាអតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំស្រុករមាសហែក មានប្រសាសន៍ថា លោកជាញឹកញាប់ត្រូវបានឃ្លាំមើលដោយអាជ្ញាធរ និងមានអារម្មណ៍ភ័យខ្លាចនៃការធ្វើដំណើរ។ (ស៊ុន ណារិន/VOA)
លោក ម៉ារុង បានបន្តថា ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ មន្រ្តីគណបក្សប្រជាជនកម្ពុជា បានហៅទៅប្រជុំនៅសាលាស្រុកនិយាយពីរឿងផ្ទាល់ខ្លួន តែលោកសម្រេចមិនទៅនោះទេ។
លោកបានបញ្ជាក់ថា៖ «ហើយខ្ញុំថាអារឿងផ្ទាល់ខ្លួន មិនដឹងថា អារឿងស្អី។ បើអត់មានខុសអីសោះ។ អញ្ចឹងសម្រេចចិត្តថា អត់ទៅបណ្តោយ»។
ដូចលោក ដារ៉ា ដែរ លោក ម៉ារុង ពុំមានការងារអ្វីធ្វើ ដើម្បីរកចំណូលនោះទេ គឺគ្រាន់តែធ្វើស្រែ ដាំស្ពៃ និងត្រកួនបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះ។
លោក ដារ៉ា និងលោក ម៉ារុង កម្រនឹងបានជួបគ្នា ដោយពួកគេខ្លាចមានការឃ្លាំមើល និងមានការចោទប្រកាន់ផ្សេងៗ។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល អាជ្ញាធរ និងនគរបាលថ្នាក់ក្រោម បានតាមដានឃ្លាំមើលសកម្មភាពរបស់ពួកគេជាបន្តបន្ទាប់។ នេះបើផ្អែកតាមការអះអាងរបស់អតីតមន្ត្រីមូលដ្ឋានពីខាងគណបក្សប្រឆាំងនេះ។
លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង បានបង្កើតចលនាថ្មីមួយឈ្មោះថាចលនាសង្រ្គោះជាតិ ដែលត្រូវបានប្រកាសជាផ្លូវការនៅសហរដ្ឋអាមេរិក កាលពីចុងខែមករា គឺជាងពីរខែ បន្ទាប់ពីការប្រកាសរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល។
ប៉ុន្តែ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានព្រមានកម្ចាត់ចោលចលនានេះ ប្រសិនបើវាកើតឡើងនៅក្នុងប្រទេស ដោយលោកបានប្រៀបធៀបចលនានេះទៅនឹង«ក្រុមភេរវករ»។
លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនសមាជិកព្រឹទ្ធសភា បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងយុទ្ធនាការបោះឆ្នោត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
យ៉ាងណាក៏ដោយ នៅក្នុងឃុំចន្ត្រី ដែលមានអ្នកភូមិ នៅប្រើប្រាស់ទឹកអណ្តូងជាប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃ និងមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយនេះ ប្រជាពលរដ្ឋជាច្រើន បានសម្តែងអារម្មណ៍ភ័យខ្លាចនៅពេលនិយាយពីរឿងនយោបាយ។
ស្ថិតនៅតាមបណ្តោយផ្លូវដីហុយនៅក្នុងឃុំនេះ ដែលមានរថយន្តធំៗជិះឆ្លងកាត់ លោកស្រី ប៉ែន សំអាត អាយុ៥២ឆ្នាំ ជាអ្នកលក់គ្រឿងទេសក៏ម្នាក់ មានប្រសាសន៍ថា លោកស្រី លែងបានទាក់ទងជាមួយអតីតមេឃុំ លោក ដារ៉ា ទៀតហើយ។
លោកស្រីបន្តថា លោកស្រីក៏មិនហ៊ាននិយាយរឿងនយោបាយ ដោយចំហមុខនោះទេ។ លោកស្រីមានប្រសាសន៍ថា៖
«មិនដែលមានទេលោកពូ ដូចស្ងាត់ឈឹងតែម្តង។ ពីមុនមកធ្លាប់ចុះមកអីអញ្ចឹងទៅ សួរសុខទុក្ខដែរ។ ដល់ពេលគេរំលាយអស់អញ្ចឹងទៅ ដូចស្ងាត់តែម្តង»។
លោកស្រី ប៉ែន សំអាត អាយុ៥២ឆ្នាំ ដែលជាម្ចាស់ហាងគ្រឿងទេសមួយនៅតាមផ្លូវក្នុងឃុំចន្រ្តី មានប្រសាសន៍ថា លោកស្រីមិនអាចទាក់ទងអតីតមេឃុំមកពីគណបក្សប្រឆាំងបានទៀតទេ។ (ស៊ុន ណារិន/VOA)
លោកស្រីបន្ថែមថា៖
«ចាស មិនសូវជាហ៊ានអីប៉ុន្មានទេ។ បើនិយាយនេះតិចតួចអីបាន ខ្លាចតែ គេធ្វើបាបអញ្ចេះអញ្ចុះទៅពូ។ ចេះតែមានអារម្មណ៍មួយខ្លាចដែរលោកពូ។ ដូចថាគេមេធំៗ គេអាចរំលាយបាន ដល់យើងប្រជារាស្រ្ត មិនអាចហ៊ានដែរ»។
លោកស្រី សំអាត បានបន្តទៀតថា កន្លងទៅលោកស្រី ធ្លាប់និយាយអំពីបញ្ហាដីធ្លី និងព្រំដែន ប៉ុន្តែឥឡូវមិនហ៊ានពិភាក្សានោះទេ ដោយខ្លាចការចោទប្រកាន់ណាមួយ។
លោកស្រី សំអាត បានបោះឆ្នោតឲ្យលោក ដារ៉ា កាលពីការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧។ លោកស្រីមានប្រសាសន៍ថា៖
«ខ្ញុំបោះខាងសង្រ្គោះជាតិ។ មូលហេតុហ្នឹង ចង់កែប្រែប្រទេសជាតិដែរហ្នឹងពូ។ កែប្រែឲ្យវាមានសន្តិភាព កូនចៅក្រោយឲ្យវាមានសេរីភាព ធូរធារអីអញ្ចឹងទៅ»។
អ្នកលក់គ្រឿងទេសម្នាក់ទៀត តាមផ្លូវដីហុយគឺលោកស្រី នេត្រ សាម៉ុន អាយុ៥៦ឆ្នាំ មានប្រសាសន៍ថា ចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិមក មន្រ្តីគណបក្ស និងប្រជាជន លែងហ៊ាននិយាយអំពីបញ្ហានយោបាយ និង លែងហ៊ាន សូម្បីតែទាក់ទងជាមួយអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ។ លោកស្រីមានប្រសាសន៍ថា៖
«ស្ងាត់ទាំងអស់ មិនថាតែខ្ញុំ មិនថាតែ គាត់ទេ។ ជួបគ្នាធ្វើដូចជាមិនចង់ស្គាល់គ្នាផង។ ម៉េចមិនហ៊ាននិយាយគ្នា ជួបឈរនិយាយ ឈរអីអញ្ចឹង។ ខ្លាចគេថាយើងរួមគ្នា រួមអីទៀតអញ្ចឹង។ ខ្លាចអញ្ចឹង»។
លោកស្រី នេត្រ សាម៉ុន អាយុ៥៦ឆ្នាំ ដែលជាអ្នកលក់គ្រឿងទេសនៅក្នុងឃុំចន្រ្តីមានប្រសាសន៍ថា លោកស្រីមានភាពភ័យខ្លាចក្នុងការពិភាក្សាអំពីរឿងនយោបាយ។ (ស៊ុន ណារិន/VOA)
លោកស្រីធ្លាប់បានស្តាប់វិទ្យុអាស៊ីសេរី និងVOA កាលពីកន្លងទៅ តែបច្ចុប្បន្ននេះ មិនអាចស្តាប់បាននោះទេ ក្រោយរដ្ឋាភិបាលបានចាត់វិធានការ ដោយមានការបញ្ឈប់ការជួលម៉ោងផ្សាយឲ្យវិទ្យុទាំងនេះ។
លោកស្រីមានប្រសាសន៍ថា៖
«ដល់ពេលខ្ញុំ ខ្ញុំស្តាប់មុនហើយអញ្ចឹងទៅ។ ដឹងរឿងរ៉ាវអីអញ្ចឹងទៅ។ ដូចថា យើងដឹងហើយខ្លះទៅអញ្ចឹង។ ចំណេះដឹង ដូចថា យើងដឹងស្រុកទេសយើងអីអញ្ចឹងណា។ យើងដឹងស្រុកទេសយើង របៀបម៉េច។ តែយើង មិនហ៊ានទៅមាត់អីទេ។ នៅស្ងាត់ស្ងៀមអញ្ចឹងទៅ។ ទុកតែក្នុងខ្លួនយើងទៅ។ ខ្ញុំក៏មិនហ៊ានមាត់ទេ។ នៅស្ងាត់ស្ងៀមទៅ»។
ពលរដ្ឋម្នាក់ទៀតក្នុងឃុំចន្ត្រីនេះដែរ គឺលោកស្រី ជិន សាមាន អាយុ៣៩ឆ្នាំ ជាកសិករ បាននិយាយថា លោកស្រីមិនហ៊ាននិយាយរឿងនយោបាយ ឬរឿងគណបក្សសង្រ្គោះជាតិនៅក្នុងចំណោមមនុស្សច្រើននោះទេ។
លោកស្រីមានប្រសាសន៍ថា៖
«យើងមិនហ៊ាននិយាយទេ យើងមិនហ៊ាននិយាយអញ្ចឹងបានទេ ព្រោះអីនយោបាយ។ យើងទុកតែក្នុងចិត្ត។ យើងជុំគ្នា មីងពូយើង។ យើងជំនុំតែគ្នាយើងអញ្ចឹង។ មានតែឲ្យគេផ្សេងៗដឹងបានទេ។ ជួនកាល កំពុងតែជំនុំអញ្ចឹង ខាងគេមកអញ្ចឹង យើងស្ងាត់។ ពេលគេដើរទៅហួសអញ្ចឹង ចាំជំនុំគ្នាទៀតទៅ»។
លោក ឡឹក សាខុន មេឃុំចន្រ្តីបច្ចុប្បន្ន ដែលចូលកាន់តំណែងជំនួសលោក ម៉ី ដារ៉ា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានភាពស្ងៀមស្ងាត់ជាងមុន ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល។
លោកបានថ្លែងប្រាប់VOAថា៖
«ស្ងៀមស្ងាត់ពលរដ្ឋស្ងៀមស្ងាត់។ ក្រោយពីការបោះឆ្នោត គ្រាន់ថាមានការជជែកវែកអីខ្លះអញ្ចឹងទៅ ដល់ពេលដក រំលាយ ដូចជាមិនឭទេ»។
មេឃុំរូបនេះ បានបញ្ជាក់ថា សកម្មជនគណបក្សសង្រ្គោះជាតិ ត្រូវបានតាមដាន ដើម្បីកុំឲ្យពួកគេធ្វើអ្វីខុសច្បាប់។ លោកបញ្ជាក់ថា៖
«អាហ្នឹងមានការតាមដានដែរ ព្រោះគាត់ធ្វើចលនាសង្រ្គោះអីហ្នឹង អាហ្នឹងមានតែការប្រព្រឹត្តខុស។ អាហ្នឹងប៉ូលិសអីគេមើល ខ្ញុំមិនសូវក្តាប់បានដែរ។ គ្រាន់តែយើងមានការតាមដាន និងត្រួតពិនិត្យ ការអនុវត្តខុសឆ្គងរបស់រាជរដ្ឋាភិបាល ប្រព្រឹត្តបទល្មើសអី ហ្នឹងខុសបាត់ហើយ»។
លោក ឡឹក សាខុន បន្តថា៖
«អាហ្នឹងវាមានការខ្លាចអញ្ចឹងដែរតើ ខ្លាចគាត់ចេញទៅធ្វើជាក្រុមជាពួកអីទៅ អាចមានប្រមូលផ្តុំកម្លាំង ធ្វើចេះ ធ្វើចុះ ខូចប្រយោជន៍ប្រជាពលរដ្ឋ ខូចប្រយោជន៍ការដឹកនាំរាជរដ្ឋាភិបាល»។
ផ្លូវដីហុយស្ថិតនៅក្នុងឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។ (ស៊ុន ណារិន/VOA)
លោក ប្រាក់ ចន្ថា មេប៉ុស្តិ៍ប៉ូលិសឃុំចន្រ្តី បានបដិសេធលើការលើកឡើងរបស់មន្រ្តីគណបក្សសង្រ្គោះជាតិថា មានការតាមឃ្លាំមើលសកម្មភាពរបស់ពួកគេ។
លោកបានថ្លែងប្រាប់ VOA តាមរយៈទូរស័ព្ទថា៖
«អត់ទេ ប៉ូលិសសមត្ថកិច្ចខ្ញុំ មិនដែលទៅឃ្លាំមើលអីគាត់ទេ។ ធ្វើតែ ការងារជំនាញរបស់ខ្ញុំ»។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់VOA ថា លោកសង្កេតឃើញប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ ការជួបជុំ ការប្រមូលផ្តុំ ជជែកគ្នាផ្សេងៗ ស្ថិតនៅក្រោមការឃ្លាំមើល និងតាមដាន ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
លោកយល់ថា ការស្ងៀមស្ងាត់នេះ ដោយសារមានការលើកឡើងពីការធ្វើបដិវត្តន៍ពណ៌ ពាក់ព័ន្ធនឹងការចោទប្រកាន់គណបក្សសង្រ្គោះជាតិ ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាល។
លោក អំ សំអាត មានប្រសាសន៍ថា៖
«ដោយសារតែបច្ចុប្បន្ននេះ វាមានជាបញ្ហាច្រើនដែលយើងឃើញកន្លងមក ឧទាហរណ៍ថាដូចជាទាក់ទងនឹងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលទាក់ទងនឹងសៀវភៅស ក៏ដូចជាការផ្សព្វផ្សាយផ្សេងៗ ទាក់ទងនឹងចលនានៃបដិវត្តន៍ពណ៌ផ្សេងៗទៀត។ មិនអញ្ចឹងទេ គឺ មានការផ្សព្វផ្សាយទាក់ទងនឹង NGOs (សង្គមស៊ីវិល)មួយចំនួន ដែលពាក់ព័ន្ធនឹងបដិវត្តន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ ហើយនិងការភ័យខ្លាចថែមទៀត»។
រដ្ឋាភិបាលកម្ពុជា បានបង្កើតសៀវភៅ«ស» ដោយពន្យល់ពីភាពស្របច្បាប់របស់ខ្លួនក្នុងការបង្ក្រាបក្រុមប្រឆាំង ដែលមានការចោទប្រកាន់ថា ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំរដ្ឋាភិបាល។
ទាំងប្រជាពលរដ្ឋ ទាំងអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលបានផ្តល់បទសម្ភាសន៍ជាមួយVOA បានលើកឡើងថា ក្រោយបទសម្ភាសន៍ថាពួកគេបារម្ភខ្លាចមានអាជ្ញាធរមកសាកសួរអំពីការផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ VOA។
លោក ម៉ី ដារ៉ា អតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា៖
«ចាំមើល ពេលប្អូនឯងចេញទៅ គេមកសួរអត់។ ចាំខ្ញុំតេ(ហៅទូរស័ព្ទ)ប្រាប់»៕