អង្គការ Freedom House បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយកត់សម្គាល់ឃើញថា សេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាបានបន្តធ្លាក់ចុះ ជាពិសេសមុននិងក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។
អ្នកនាង Allie Funk អ្នកស្រាវជ្រាវប្រចាំអង្គការអន្តរជាតិ Freedom House ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា៖
«ខ្ញុំយល់ថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាបានធ្លាក់ចុះ។ យើងបានឃើញមានការកើនឡើងនៃករណីរាំងខ្ទប់គេហទំព័រដោយរដ្ឋាភិបាល នៅក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដោយរដ្ឋាភិបាល។ យើងក៏បានកត់សម្គាល់ឃើញការកើនឡើងនៃការគំរាមកំហែងនិងរឹតត្បិតលើសកម្មភាពរបស់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត»។
ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០១៩ នៅកម្ពុជា មានករណីគាបសង្កត់មួយចំនួនដោយរដ្ឋាភិបាលកម្ពុជាលើសេរីភាពរបស់បុគ្គល និងស្ថាប័នឯករាជ្យ ក្នុងការបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានយោបាយនិងសង្គម តាមប្រព័ន្ធអ៊ីនធឺណិត ដូចជាបណ្តាញសង្គម និងការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រជាដើម។
ការណ៍នេះបានធ្វើឲ្យពិន្ទុនៃសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាធ្លាក់ចុះ២ពិន្ទុ ពី៤៥លើ១០០ សម្រាប់ឆ្នាំ២០១៨ មកត្រឹម ៤៣លើ១០០ សម្រាប់ឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ដែលមានចំណងជើងថា Freedom on the Net: The Crisis of Social Meida របស់អង្គការអន្តរជាតិ Freedom House ដែលត្រូវបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ អង្គការ Freedom House កំណត់ថា ពិន្ទុពី៧០ដល់១០០ មានន័យថា មានសេរីភាពពេញលេញ ពី៤០ដល់៦៩ មានសេរីភាពខ្លះ និងពី០ដល់៣៩ មិនមានសេរីភាពទាល់តែសោះ។
រូបផែនទីបង្ហាញពីស្ថានភាពនៃសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅជុំវិញពិភពលោកដោយអង្គការអន្តរជាតិ Freedom House សម្រាប់ឆ្នាំ២០១៩។
ជាក់ស្តែង ចាប់តាំងពីដើមឆ្នាំ២០១៨ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន រួមមានលោក គង់ ម៉ាស់ និងអ្នកស្រី សំ សុខា ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរ ឬត្រូវបានតុលាការចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោយពេលពួកគេបានបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្រៅពីការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ក៏មានករណីបង្ខំឲ្យលុបចោលខ្លឹមសារបទចម្រៀងចំនួនពីរ ដែលរៀបរាប់អំពីស្ថានភាពការងារលំបាករបស់កម្មករ និងអំពីវិសមភាពខាងសេដ្ឋកិច្ចរវាងអ្នកមាននិងអ្នកក្រ និងអំពើពុករលួយជាដើម។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងការសោកស្តាយដែលសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជានៅតែបន្តធ្លាក់ចុះ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA អ្នកស្រីបានកត់សម្គាល់ថា រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ និងបទបញ្ញត្តិកម្ពុជា ដែលជាក់ស្តែងមានតួនាទីគាំពារសិទ្ធិពលរដ្ឋ មកគាបសង្កត់ រឹតត្បិត និងការចាប់ខ្លួនអ្នកបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
«អ៊ីចឹងទាំងអស់នេះគឺជាមធ្យោបាយនៃការគំរាមកំហែង ហើយវាប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ ហើយធ្វើឲ្យពលរដ្ឋមានការដាក់ពិរុទ្ធលើខ្លួនឯង គេហៅថា Self-censorship នេះ ដែលមានការកើនឡើង។ អ៊ីចឹងនេះវាប៉ះពាល់ច្រើនលើសេរីភាពនៃការបញ្ចេញមតិ»។
ច្បាប់និងបទបញ្ញត្តិកម្ពុជាមួយចំនួនដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលនោះ រួមមានច្បាប់បរិហារកេរ្តិ៍ និងច្បាប់ប្រមាថព្រះមហាក្សត្រ។ កម្ពុជាបានបង្កើតបញ្ញត្តិច្បាប់ស្តីពីបទប្រមាថព្រះមហាក្សត្រដ៏ចម្រូងចម្រាស់មួយ កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយគេឃើញថា រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ ត្រូវបានជាប់ចោទ ឬកាត់ទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ចាប់តាំងពីបញ្ញត្តិច្បាប់នេះបានយកមកអនុវត្ត។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ចក់ សុភាព។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ Cambodian Center for Independent Media (CCIM) យល់ថា រដ្ឋាភិបាលកម្ពុជាមានទំនោរគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម។
«សម្រាប់ខ្ញុំ ខ្ញុំមើលឃើញទំនោរនៃការឈានទៅការគ្រប់គ្រងលើអ្នកប្រើប្រាស់បណ្តាញសង្គម និងអ៊ីនធឺណិតហ្នឹង ច្រើនជាងគោលការណ៍នៃការបម្រើផលប្រយោជន៍ជាទូទៅ»។
លោក ណុប វី បានបន្ថែមថា៖ «ខ្ញុំលើកឧទាហរណ៍មួយ ទាក់ទងជាមួយនឹងការបង្កើតនូវច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិតជាដើម យើងឃើញថា នៅក្នុងសេចក្តីព្រាងដែលគេមើលឃើញហ្នឹងគឺថា វាមានមាត្រាខ្លះ គឺមានទំនោរក្នុងការរឹតត្បិត ឬក៏បង្កទៅការឈានទៅគ្រប់គ្រងទៅលើអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណិតនៅក្នុងការផ្សព្វផ្សាយព័ត៌មានជាដើម។ នេះគឺជាចំណុចមួយដែលយើងឃើញថាជាទំនោរនៃការរឹតត្បិត វាមានរូបភាពច្រើនជាង ការធ្វើឲ្យមានការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ»។
ស្របពេលជាមួយគ្នានេះ អ្នកស្រី ចក់ សុភាព បានរំឭកពីកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធានាការអនុវត្តសិទ្ធិមូលដ្ឋាន និងសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលកម្ពុជាបានព្រមព្រៀងអនុវត្ត។
«ខ្ញុំមានតែស្នើឲ្យមានការត្រួតពិនិត្យឡើងវិញ ក្នុងការលុបចោលនៃបទចោទប្រកាន់នេះ និងបទបញ្ញត្តិពាក់ព័ន្ធមួយចំនួនទៀត ដូចច្បាប់បរិហារកេរ្តិ៍ដើម។ ហើយនេះគឺជាអ្វីដែលយើងតែងតែតស៊ូមតិ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលក្នុងការពិចារណា និងធានាថា បទដ្ឋានគតិយុត្តិរបស់ប្រទេសកម្ពុជាយើងហ្នឹង វាស្របនឹងបទដ្ឋានអន្តរជាតិ»។
យោងតាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា កម្ពុជាគោរពសិទ្ធិមនុស្សដែលដើរស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលគាំពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។
រូបឯកសារ៖ និស្សិតនិងសកម្មជនសិទ្ធិមនុស្សថៃពីរនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារពួកគេបានបំពានច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ កាលពីឆ្នាំ២០១៥។
រូបឯកសារ៖ លោកស្រី Maria Ressa នាយិកាគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មាន Rappler ប្រចាំប្រទេសហ្វីលីពីនដែលរាយការណ៍លម្អិតពីគោលនយោបាយរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញដីកាចាប់ខ្លួនលោកស្រីទៅកាន់អ្នកសារព័ត៌មាន ក្រោយពេលដែលទីភ្នាក់ងារស៊ើបអង្កេតជាតិហ្វីលីពីនបានចេញដីកានេះដើម្បីចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
យុទ្ធសាស្ត្ររឹតត្បិតសិទ្ធិក្នុងការបញ្ចេញមតិក្នុងតំបន់
ការរឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដោយរដ្ឋាភិបាលកម្ពុជា មិនខុសប្លែកខ្លាំងពីរដ្ឋាភិបាលមួយចំនួនផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ ការប្រើប្រាស់ច្បាប់ និងបទបញ្ញត្តិនានា ក្នុងឥរិយាបទគាបសង្កត់ការបញ្ចេញមតិបែបរិះគន់រដ្ឋាភិបាល កំពុងតែកើនឡើងនៅក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់អ្នកនាង Allie Funk អ្នកស្រាវជ្រាវប្រចាំអង្គការ Freedom House។
«នេះគឺជានិន្នាការដ៏គួរឲ្យព្រួយបារម្ភដែលកើតឡើងនៅក្នុងតំបន់។ បើយើងមើលប្រទេសជិតខាងកម្ពុជា ប្រទេសថៃនិងបង់ក្លាដេស បានរាំងខ្ទប់គេហទំព័រ និងគំរាមឲ្យមានការលុបខ្លឹមសារនៅលើអ៊ីនធឺណិត។ រដ្ឋាភិបាលទាំងនេះយល់ថា នេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការរឹតត្បិតព័ត៌មានឯករាជ្យ។ ជាអកុសល អាជ្ញាធរក្នុងបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ជាច្រើន បានរៀនយុទ្ធសាស្ត្រនេះពីគ្នាទៅវិញទៅមួយ»។
ស្រដៀងគ្នានឹងកម្ពុជា នៅវៀតណាមនិងមីយ៉ាន់ម៉ា ការបំពានច្បាប់បរិហារកេរ្តិ៍ អាចមានទោសជាប់ពន្ធនាគារយ៉ាងហោចណាស់ពីរឆ្នាំ និងពិន័យជាទឹកប្រាក់ជាដើម។
លោក Daniel Bastard នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬ Reporters Without Borders (RSF) យល់ថា រដ្ឋាភិបាលកម្ពុជាបានយកគំរូតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសថៃ និងសិង្ហបុរីជាដើម ក្នុងការប្រើប្រាស់ច្បាប់និងបទបញ្ញត្តិដើម្បីរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ តាមប្រព័ន្ធអ៊ីនធឺណិតនេះ។
លោកបានសរសេរឆ្លើយតបនឹងសំណួររបស់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីម៉ែល ថា៖
«នៅក្នុងប្រទេសទាំងពីរនេះ ការបញ្ចេញមតិប្រឆាំងរដ្ឋាភិបាលលើប្រព័ន្ធអ៊ីនធឺណិត ត្រូវបានគំរាមកំហែងដោយការចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវតុលាការ។ រដ្ឋាភិបាលថៃ អនុវត្ត និងប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីគំរាមកំហែងអ្នកសារព័ត៌មាន។ រីឯនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien-loong ដាក់ទោសផ្ទាល់ដល់អ្នកសរសេរប្លុកនិងអ្នកសារព័ត៌មាន ដែលហ៊ានសួរដេញដោលរដ្ឋាភិបាលរបស់លោក។ ហើយរដ្ឋាភិបាលកម្ពុជាទទួលបានការលើកទឹកចិត្ត [ឲ្យធ្វើដូច្នេះ] ដោយយកតាមគំរូប្រទេសទាំងពីរនេះ»។
យ៉ាងណាមិញ លោក ណុប វី និងអ្នកស្រី ចក់ សុភាព បានកត់សម្គាល់ថា ស្ថានភាពរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា មានលក្ខណៈប្រសើរជាងប្រទេសជិតខាង ដូចជាថៃ និងវៀតណាមជាដើម។ អង្គការ Freedom House បានឲ្យពិន្ទុប្រទេសថៃ ត្រឹម ៣៥លើ១០០ រីឯវៀតណាម បានពិន្ទុ ២៤លើ១០០ ដែលមានន័យថា មិនមានសេរីភាព។
ដោយឡែក លោក Daniel Bastard ក៏កត់សម្គាល់ថា ចិនដែលជាប្រទេសកុម្មុយនិស្ត និងនិន្នាការប្រឆាំងសារព័ត៌មានដែលមិនរណបរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ននេះ បានក្លាយជាកត្តាជំរុញឲ្យប្រទេសនៅជុំវិញពិភពលោក រឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ពលរដ្ឋខ្លួន។
អ្នកជំនាញខាងសេរីភាពសារព័ត៌មាននៅតំបន់អាស៊ីរូបនេះ បានសរសេរឆ្លើយតបនឹងសំណួររបស់ VOA តាមអ៊ីម៉ែលថា៖
«កត្តាទីមួយ គឺចិន។ ចិនគឺជាប្រទេសមួយដែលព្យាយាមដាក់គំរូរបស់ខ្លួនក្នុងការគ្រប់គ្រង និងរឹតត្បិតព័ត៌មាន ដល់ប្រទេសជុំវិញពិភពលោក។ កត្តាទីពីរ គឺលោក ដូណាល់ ត្រាំ ដែលលោកមាននិន្នាការស្អប់អ្នកសារព័ត៌មាន សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្សជាទូទៅ។ ការណ៍នេះបានបង្កផលប៉ះពាល់ដល់ប្រទេសនៅជុំវិញពិភពលោក»។
អ្នកជំនាញខាងសិទ្ធិមូលដ្ឋាននិងសិទ្ធិក្នុងការបញ្ចេញមតិ បញ្ជាក់ថា ជាក់ស្តែងទៅ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម ដោយមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ មានសារប្រយោជន៍ដល់សង្គមជាតិ ជាពិសេសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីមានសមត្ថកិច្ច និងពលរដ្ឋតាមមូលដ្ឋាន និងការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ដើម្បីចៀសវាងការតាក់តែងច្បាប់ ឬបទបញ្ញត្តិដែលមានលក្ខណៈរឹតត្បិតសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ លោក ណុប វី បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងរកនិងទទួលយកការចូលរួមជាមតិ និងប្រឹក្សាយោបល់ពីប្រជាពលរដ្ឋឲ្យបានទូលំទូលាយជាងពេលបច្ចុប្បន្ននេះ។
«ទាក់ទងករណីសេចក្តីព្រាងច្បាប់ផ្សេងៗ និងគោលនយោបាយផ្សេងៗ ដើម្បីឲ្យមានប្រសិទ្ធភាព និងមានភាពបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ ខ្ញុំគិតថា ការកៀរគរឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ និងភាគីផ្សេងៗ ដែលធ្វើកិច្ចការដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ គួរតែជាភាពចាំបាច់ដែលរដ្ឋាភិបាលមិនអាចខ្វះបាន»៕